(តាកែវ)៖ អង្គកឋិនទានដែលផ្តួចផ្តើមឡើងដោយ ឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ, ឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ត្រី ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដង្ហែចូលវត្តអង្គកំណប់ ស្ថិតក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ទទួលបានបច្ច័យជាង៤៦លានរៀល និងប្រាក់ដុល្លារចំនួនជាង៥ពាន់ដុល្លារ សរុបទាំងអស់ស្មើនឹងជិត២ម៉ឺនដុល្លារ ដើម្បីកសាងសមិទ្ធផលនានាក្នុងវត្ត។

អង្គកឋិនទាននេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី ឃឹង សារ៉ាត់ តំណាងឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ ដង្ហែចូលវត្តអង្គកំណប់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ រួមជាមួយនឹងពុទ្ធបរិស័ទចំណុះជើងវត្ត ជិតឆ្ងាយយ៉ាងច្រើនកុះករ។

ឧត្តមសេនីយ៍ត្រី ឃឹង សារ៉ាត់ បានបញ្ជាក់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទថា ដោយសារប្រទេសជាតិ មានសុខសន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខរាជដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទើបឲ្យអនុញ្ញាតឲ្យប្រជាពលរដ្ឋ អាចរកស៉ីប្រកបរបរចិញ្ចឹមជីវិតបានយ៉ាងងាយស្រួល និងអាចធ្វើបុណ្យតាមប្រពៃណីដោយគ្មានក្តីបារម្ភ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែមរក្សាសន្តិភាព ដែលរកបានដោយលំបាកនេះ និងកុំជឿតាមការញុះញុងរបស់ជនអគតិមួយចំនួន ដែលចង់នាំឲ្យកម្ពុជាវិលត្រឡប់ទៅអតីតកាលដ៏ជូរជត់នោះ៕