(ភ្នំពេញ)៖ លោក ហ៊ុន សុធី អធិការខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ បានអញ្ជើញអ្នកប្រកប អាជីវកម្មម៉ូតូកង់៣ ចំនួន២៧នាក់ មកសំណេះសំណាលផ្សព្វផ្សាយ ដើម្បីចូលរួមសហការក្នុងការបង្កា-បង្រ្កាបបទល្មើសលួចឆក់ ទៅលើភ្ញៀវជាតិ និងអន្តរជាតិកន្លងមក។
ការរៀបចំពិធីសំណេះសំណាលផ្សព្វផ្សាយ ខាងលើនេះ ដោយអនុវត្តតាមផែនការលេខ០៤៧ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ស្តីពី យុទ្ធនាការទប់ស្កាត់ និងបង្រ្កាបអំពើលួចឆក់ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផែនការលេខ១៥២ ផ.ក របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្នុងនោះ លោក ហ៊ុន សុធី អធិការខណ្ឌ បានសំណូមពរដល់ម្ចាស់ម៉ូតូកង់៣ ក្នុងការងារបង្កា និងបង្ក្រាប មាន៤ចំណុច រួមមាន៖
១៖ សុំណែនាំភ្ញៀវឲ្យរក្សាទុកដាក់អីវ៉ាន់ ឬសម្ភារក្នុងកន្លែងសុវត្តិភាព និងណែនាំប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ទូរស័ព្ទ
២៖ ធ្វើរនាំងបង្អួចចំហៀងរឹងមាំបង្កាការលួចឆក់
៣៖ សហការនិងរាយការណ៍ មកសមត្ថកិច្ចអំពីស្លាកលេខម៉ូតូ របស់មុខសញ្ញាដែលធ្វើសកម្មភាព
៤៖ សហការបង្ក្រាបជាក់ស្តែង ពេលមានបទល្មើសកើតឡើងដោយជិះបុក ឬ កៀរឲ្យមុខសញ្ញាដួល ដើម្បីកម្លាំងសមត្ថកិច្ចល្បាតអន្តរាគមន៍បានទាន់ពេល
លោក ហ៊ុន សុធី បានបន្ដថា ក្នុងករណីបង្ក្រាបបានជាក់ស្តែង សមត្ថកិច្ចជូនរង្វាន់លើកទឹកចិត្ត ៤០០,០០០រៀល (ក្នុងការចាប់បានមុខសញ្ញាម្នាក់) និងធានាជួសជុលម៉ូតូ ជូនបើមានការខូចខាត។ កិច្ចសំណេះសំណាលបានបញ្ចប់ នៅវេលាម៉ោង០៩៖០០នាទីព្រឹកនេះ ក្នុងបរិយាកាសដោយភាពស្និទ្ធស្នាលរីករាយ និងថតរូបជាអនុស្សាវរីយ៍ផងដែរ៕