(ព្រះសីហនុ)៖ គណៈប្រតិភូសាលាខណ្ឌពោធិ៍សែនជ័យ ជាង២០០នាក់ រួមមានមន្រ្តីការិយាល័យជុំវិញខណ្ឌ អាជ្ញាធរសង្កាត់ទាំង១៣ ដឹកនាំ​ដោយ លោកអភិបាលខណ្ឌ ហែម ដារិទ្ធិ បានអញ្ជើញចុះទៅ​ទស្សនកិច្ចនៅ​តំបន់អភិ​វឌ្ឍន៏សេដ្ឋកិច្ចលោកឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតនៅ​ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីចំណេះដឹងក្នុងការដឹកនាំនិង អភិវឌ្ឍន៏ សេដ្ឋកិច្ចរបស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំង និងទទួលបាននូវការកោតសសើរពី គ្រប់មជ្ឈដ្ឋាន។

លោកឧកញ៉ា​ ម៉ុង ឫទ្ធី ថ្លែង​ក្នុងពិធីសំណេះសំណាលថា ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាននិងកំពុងភិវឌ្ឍន៏សេដ្ឋកិច្ច លើផ្ទៃដីទំហំជាង៣ម៉ឺនហិចតា ស្ថិតនៅ​ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទៅលើវិស័យកសិកម្ម ការដាំដុះដូចជាដូងប្រេង កៅស៊ូ ស្វាយ និងដំណាំផ្សេងលើផ្ទៃដីជិត២៣,០០០ ហិចតា។

ក្រៅពីនេះមានកសិដ្ឋានចិញ្ចឹមជ្រូក, រោងចក្រផលិតចំណីសត្វ, រោងចក្រចម្រាញ់ជ័រកៅស៊ូក្រែប និងរោងចក្រចម្រាញ់ដូងប្រេងជាដើម ហើយការដាំដុស នៅលើដីខាងលើនោះ គឺជាលើកទី១ហើយ ដែលពីមុនមក គឺជាដីទំនេរមិនដែលមានការដាំដុះឡើយ ដោយឡែកចំណូលដែលបានមកពីការនាំចេញ កសិផលដូងប្រេង ជ័រកៅស៊ូ និងវិស័យផ្សេងៗទៀត នោះក្នុង១ខែ​មានចំនួនជាង៣លានដុល្លារអាមេរិក។

លោកឧកញ៉ា ម៉ុង ឫទ្ធី បានកសាងផ្លូវនៅតំបន់សេដ្ឋកិច្ចមួយនេះជាង១,៤២០គីឡូម៉ែត្រ ទំនប់ទឹក៨៦ខ្សែ ដែលសាងសង់ជាលក្ខណៈឯកជនខ្លួនឯង ហើយបានជួបបញ្ហាទឹកបុកផ្ដាច់ អស់ចំនួន១៣កន្លែង ដែលលោកបានចាត់ចែង ធ្វើការជួសជុលបន្ទាន់ ដើម្បីឲ្យការប្រមូលផល បើ​ធ្វើមិនទាន់ទេមិនអាចប្រមូលផលទាន់នោះឡើយ ហើយមិនមានជំនួយពីខាងក្រៅណា​មកជួយទេ គឺសាងសង់ខ្លួនឯងជួសជុលខ្លួន។ ម្យ៉ាងទៀតមានកម្មករបម្រើការងារនៅទីនោះ ចំនួនជាង១ម៉ឺននាក់ ហើយលោកឧកញ៉ា បានសាងសង់ផ្ទះថ្មជូនកម្មករទាំងនោះស្នាក់នៅ ក្នុង១គ្រួសារ១ខ្នង ដែលមានទំហំទទឹង៥ម៉ែត្រគុណនឹងបណ្ដោយ១២ម៉ែត្រ សម្រាប់ពួកគាត់ស្នាក់នៅជារៀងរហូតតែម្ដង ហើយអ្នកមករស់នៅទីនោះមិនមានបក្សមានពួកនោះទេ។

លោក​បន្តទៀតថា នៅតាមផ្ទះកម្មករទាំងនោះមានទឹក មានភ្លើងអគ្គីសនី ដោយមិនគិតលុយ ដែលដែលបន្លែងចេញពីសម្រាមកាកសំណល់ និងលាមកជ្រូក មានឡសម្រាប់ដុតសំរាមផងដែរ ពេលឈឺមានពេទ្យព្យាបាលទៀត ចំណែកកម្មករមានការងារខុសៗគ្នា រស់នៅក៏ខុសៗគ្នា ហើយមានក្រុមខ្លះមានផ្ទះនៅស្រាប់ ហើយ​បាយទឹក៣ពេលទៀត មិនតែប៉ុណ្ណោះពេលកម្មករមានកូនរៀបការបែកគ្រួសារ លោកចែកផ្ទះជូន និងមានអ្នកស្លាប់ លោកជួយរ៉ាប់រងធ្វើបុណ្យ ជាក់ស្ដែងស្រ្តីដែលជនជាតិវៀតណាម ធ្វើទារុណកម្មឆក់ខ្សែភ្លើងកូននោះ គាត់បានស្លាប់ហើយដោយគ្រោះថ្នាក់ចរាចរណ៍ តម្កល់សពនៅក្នុងវត្តកែវផុស ហើយលោកទទួលបន្ទុកចំណាយ ក្នុងការធ្វើបុណ្យសព ហើយអ្វីដែលជាបន្ទុកធ្ងន់នោះ គឺកាលពីទើបនិងមកនៅទីនេះមានកូន៣នា​ក់ ក្រោយមកបានកើត​កូនម្នាក់ទៀត ទើបបាន៤ខែប៉ុណ្ណោះ។ ចំណែកបន្ទុកខាងលើ គឺជាការរ៉ាប់រងរបស់លោកទាំងអស់ មិនមានខាងណាជួយនោះទេ គឺជាបន្ទុករបស់លោកផ្ទា​ល់តែម្ដង ដូច្នេះបើអត់ពីលោកម្នាក់កម្មក​រជាង១ម៉ឺននាក់ នោះមិនស្លាប់​ទេប៉ុន្តែជួបការលំបាកដែរ។

ជាមួយគ្នានោះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងថា ពីមុនមកទីនេះ គឺជាផ្ទៃដីទំនេរទុកចោល ហើយបានក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប ធ្វើការអភិវឌ្ឍន៏​ដែលអាចឲ្យកម្មករជាង១ម៉ឺននាក់ មានការងារធ្វើ មានផ្ទះនៅ និងទទួលបានការរ៉ាប់រងគ្រប់បែបយ៉ាងពីក្រុមហ៊ុន ហើយពួកគាត់រស់នៅទីនេះ មានអានាម័យ ចេះគោរពវិន័យបានល្អ រស់ដោយមានបរិស្ថានល្អ ហើយអ្វីដែលគួរឲ្យកោតសសើរនោះ គឺលោកឧកញ៉ា បានប្រគល់ជូនផ្ទះសម្រាប់រស់នៅ មានភ្លើង មានទឹក ព្រីដោយមិនគិតប្រាក់ ប៉ុន្តែហាមលក់ហាមដូរហាមបញ្ចាំ ចំណែកវិន័យ គឺហាមចាក់កន្ទុយលេខ តុងទីន ហាមសេពគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ មិនខ្ចីមិនបុលអ្នកណាទាំងអស់ រួមគ្នាលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងរួមគ្នាថែរក្សាសត្វព្រៃ ព្រៃឈើ និងដាំដើមឈើឲ្យបានច្រើន។

លោកអភិបាលខណ្ឌ បានបន្តទៀតថា លោកឧកញ៉ា ម៉ុង ឫទ្ធី ពិតជាពូកែរៀបចំខ្លាំងណាស់ លើគ្រប់ប្រព័ន្ធទាំងអស់ រកអ្វីប្រៀបផ្ទឹមពុំបានទេ គ្មាននរណាធ្វើបានដូចលោកឧកញ៉ាឡើយ ដីរាប់ម៉ឺនហិចតាបានប្រែក្លាយពីដីព្រៃភ្នំ និងលិចទឹកទៅជាដី កសិកម្មបង្កបង្កើនផល។ ដាំ​កៅស៊ូ និងដំណាំកសិផល ផ្សេងៗទៀត ហើយការរៀចំវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បានល្អ ហើយលោកនឹងយកបទពិសោធន៍មួយនេះ ទៅរៀនសូត្រ ហើយបរិស្ថាន​សំខាន់បំផុតនោះ គឺសំរាមដែលបានវេចខ្ចប់បានល្អ និងភូមិនិមួយមានកន្លែងដុតសំរាម ដូច្នេះគំរូមួយនេះ លោកសុំឲ្យយុវជនខណ្ឌ យកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌពោធិ៍សែនជ័យ អនុវត្តន៍តាម៕