(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងថា កម្ពុជាគឺជាប្រទេសឯករាជ្យ ហើយធ្វើអ្វីគ្រប់យ៉ាងស្របទៅតាមលទ្ធិប្រជាធបិតេយ្យ និងតាមការចង់បានរបស់ប្រជាពលរដ្ឋរបស់ខ្លួន មិនដូចការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់របស់មជ្ឈដ្ឋានអន្តរជាតិមួយចំនួននោះទេ។
ការលើកឡើងរបស់ អតីតប្រមុខការទូតរូបនេះ គឺបានធ្វើឡើងបន្ទាប់ពីមជ្ឈដ្ឋានអន្តរជាតិមួយចំនួនបានថ្លែងថា លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា កំពុងដើរថយក្រោយ ខណៈរដ្ឋសភាបានអនុម័ត ការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយថ្មី ដោយអាចនឹងរំលាយគណបក្សប្រឆាំងចោល ក្រោយពីគណបក្សនេះបានឃុបឃិតជាមួយនឹងបរទេស ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់នៅកម្ពុជានោះ។
ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុននឹងឡើងយន្តហោះ ឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីចូលរួមកិច្ចប្រជុំអំពីការចុះកិច្ច ព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាង «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» ជាមួយអង្គការយូនីស្កូ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងថា «កម្ពុជាជាប្រទេសឯករាជ្យ អធិបតេយ្យភាពកម្ពុជា ធ្វើអ្វីស្របតាមផលប្រយោជន៍របស់ប្រជាជនយើង»។
សូមរំលឹកថា នៅក្នុងដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំង លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងជួបពិភាក្សាការងារជាមួយអ្នកស្រី អៀរីណា បូកូវ៉ា អគ្គនាយកអង្គការយូនីស្កូ នៅក្នុងកិច្ចប្រ ជុំ អំពីការចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាង «ក្រុមប្រឹក្សា វប្បធម៌អាស៊ី»។ កិច្ចប្រជុំនេះនឹងធ្វើឡើងចំនួនពីរថ្ងៃ គឺថ្ងៃអង្គារ និងថ្ងៃពុធ ខែតុលានេះ។
ក្រុមប្រឹក្សាវប្បធម៌អាស៊ី ជាអង្គការវប្បធម៌មួយ ដែលកម្ពុជាជា ប្រធានស្ថាបនិក ដែលមានប្រទេសចិន នេប៉ាល និងរុស្ស៊ីជាអនុប្រធាន។ កាលពីកិច្ចប្រជុំគណៈកម្មការអចិន្រ្តៃយ៍ ICAPP ដែលមាន២៣ប្រទេស ជាសមាជិក ហើយនៅទីក្រុងសេអ៊ុល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៦ដល់ថ្ងៃទី១០ ខែកក្កដា តាមការស្នើរសុំរបស់ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង គណៈកម្មការអចិន្ត្រៃយ៍ ICAPP បានឯកភាព ឲ្យបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះក្នុងនាមប្រទេស៥៣នៅអាស៊ី ដែលជាសមាជិករបស់ ICAPP។
បើតាមការឲ្យដឹងពី លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបញ្ជាក់ថា សហប្រតិបត្តិការ រវាងក្រុមប្រឹក្សាវប្បធម៌អាស៊ី ជាមួយអង្គការយូនីស្កូ គឺមានសារៈសំខាន់ណាស់ នាំឲ្យប្រទេសនានាចំនួន១៩៣ សព្វថ្ងៃជាសមាជិកអង្គការយូនីស្កូ កាន់តែស្គាល់វប្បធម៌នៃប្រទេសអាស៊ីទាំង៥៣ ជាពិសេស វប្បធម៌ខ្មែរតែម្តង ដែលមានប្រាសាទ៣ហើយ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក គឺប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងថ្មីៗប្រាសាទសំបូព្រៃគុក៕