Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹត្តិការណ៍ KMH League ចាប់ពូលត្រៀមប្រកួតដណ្ដើមប្រាក់ជាង ១ម៉ឺនដុល្លារ

23-10-2017 08:52

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ KMH Champions League រដូវកាលទី៣ បានរៀបចំកម្មវិធីចាប់ឆ្នោតបែងចែកពូលរួចរាល់ហើយ ខណៈការប្រកួតពានពាក់កណ្ដាលអាជីពដ៏ធំនេះ គ្រោងនឹងបើកការប្រកួតនៅថ្ងៃទី២៨ ខែតុលាចុងសប្ដាហ៍ក្រោយ ដើម្បីឈានទៅប្រកួតប្រជែងដណ្ដើមជើងឯករដូវកាលថ្មី អមដោយប្រាក់រង្វាន់ជាង ១ម៉ឺនដុល្លារ។

លោក កាំង សេន ស្ថាបនិកមូលនិធិបាល់ទាត់ KMH បានថ្លែងក្នុងពិធីចាប់ពូលនៅអាគាររ៉េនទ្រី កាលពីម្សិលមិញថា រដូវកាលថ្មីនេះ ពាន KMH Champions League បានទទួលក្រុមខ្លាំងៗ ក្នុងរាជធានីភ្នំពេញ និងមកពីបណ្ដាខេត្តចំនួន ៣២ក្រុម ហើយគណៈកម្មការបានសម្រេចបែងចែកជា ៤ពូល ដោយពូលនីមួយៗមាន ៨ក្រុម។ ប៉ុន្ដែដើម្បីធ្វើឲ្យការប្រកួតកាន់តែកក្រើក គណៈកម្មការថែមទាំងអនុញ្ញាតឲ្យក្រុមនីមួយៗ ប្រើប្រាស់កីឡាករអាជីព ២នាក់ និងកីឡាករបរទេស ៤នាក់ (២នាក់លើទីលាន) ក្នុង១ក្រុមៗទៀតផង។

ស្ថាបនិករូបនេះបានបន្ដថា គោលដៅសំខាន់ក្នុងការរៀបចំពាន KMH Champions League គឺដើម្បីផ្ដល់ឱកាសឲ្យក្រុមបាល់ទាត់មិនអាជីព ឬពាក់កណ្ដាលអាជីព ពិសេសយុវជនទាំងអស់ បានចូលរួមបញ្ចេញសមត្ថភាពលើទីលាន និងដើម្បីរួមចំណែកលើកស្ទួយកីឡាបាល់ទាត់ជាតិឲ្យកាន់តែរីកចម្រើន។

តែយ៉ាងណាមិញ លោកបានអំពាវនាវដល់ថ្នាក់ដឹកនាំក្រុម និងកីឡាករចូលរួមទាំងអស់ ត្រូវឈរលើគោលការណ៍ Fair-Play ក្នុងការប្រកួត ដើម្បីជំរុញឲ្យព្រឹត្តិការណ៍មួយនេះកាន់តែល្អ និងទទួលបានជោគជ័យ។

សម្រាប់ការត្រៀមពាន KMH Champions League រដូវកាលថ្មីនេះដែរ មូលនិធិ KMH បានត្រៀមរង្វាន់យ៉ាងច្រើនសរុបជាង ១០០លានរៀលឯណោះ ដើម្បីលើទឹកចិត្តចំពោះក្រុមជយលាភី ក្នុងនោះក្រុមជើងឯក នឹងទទួលបាន ៤៨លានរៀល, លេខ២ ទទួលបាន ២៤លានរៀល, លេខ៣ ទទួលបាន ១២លានរៀល និងលេខ៤ ទទួលបាន ៦លានរៀល។ អ្វីដែលពិសេសក្រុមធ្លាក់វគ្គ ១៦ក្រុមចុងក្រោយ និងវគ្គ ៨ក្រុមចុងក្រោយ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តផងដែរ៕