(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានហៅគ្រាប់បែកគីមីរបស់ខ្លួន នៅខេត្តស្វាយរៀង ទៅជាឧស្ម័នបង្ហូរទឹកភ្នែក។ សម្តេចតេជោចាត់ទុកសេចក្តីថ្លែងការណ៍នេះថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។

ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន ទៅលើស្ថានទូតអាមេរិក បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ និយោជិតជាង៤ពាន់នាក់ នៅមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជាការសង្វេគចិត្តខ្លាំងណាស់ចំពោះសេចក្តីថ្លែងការណ៍នេះ។ សម្តេចប្រមុខរាជរដ្ឋាភិបាលថែមទាំងចំអកឲ្យសហរដ្ឋអាមេរិក ដោយឲ្យស្ថានទូតអាមេរិកនាំគ្នាទៅលេងកម្សាន្តនៅតំបន់នោះ ឬអាចយកដីនៅទីនោះមកធ្វើជាជីដាំដំណាំនៅក្នុងស្ថានទូតរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យ៉ាងដូច្នេះ «វាជាការសង្វេគចិត្តខ្លាំងណាស់នៅពេលដែលសហរដ្ឋអាមេរិកចាត់ទុកថា គ្រាប់បែកគីមីនៅឯស្វាយរៀង មកជាឧស្ម័នបង្ហូរទឹកភ្នែក ព្រះជាម្ចាស់អើយអាមេរិកអីក៏ចិត្តធម៌ម្ល៉េះ មកធ្វើសង្រ្គាមនៅឥណ្ឌូចិន ដឹកមកនូវឧស្ម័នបង្ហូរទឹកភ្នែក។ តើឧស្ម័នបង្ហូរទឹកភ្នែកនេះ គេយកមកសម្រាប់បង្រ្កាបមនុស្សនៅក្នុងព្រៃឬ? កោតតែអាចនិយាយទៅរួច សង្ឃឹមថា ទូតអាមេរិកនឹងនាំគ្នាទៅទស្សនកិច្ចលេងកម្សាន្តនៅទីកន្លែងនោះ រាប់ទាំង PEACECORP របស់អាមេរិកដែលកំពុងនៅស្រុកខ្មែរនេះ ដែលទើបអស់វីហ្សា (ទិដ្ឋាការ) ហើយទើបផ្តល់វីហ្សាឲ្យ៣ខែបន្តទៀត គួរទៅលេងកន្លែងណុង»។

សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា «ហើយបើអាចល្អ ទូតអាមេរិកគួរយកដីកន្លែងណុងមួយចំនួនមកតាំងធ្វើជាជីដាក់ដាំដំណាំនៅក្នុងស្ថានទូត។ ខ្មែអើយអីក៏អភ័ព្វអ្វីម្ល៉េះ គ្រាប់បែកគីមីមកទម្លាក់ជ្រុះទាំងស្លឹកឈើខ្ទេចខ្ទាំ ឥឡូវមនុស្សខ្លះមើលដូចឃ្លង់ទៅហើយ ក្មេងៗកើតឡើងក្បាលធំ ភ្នែកលាន សរីរាង្គមើលលែងចង់ឃើញ។ ប៉ុន្តែយ៉ាងណាក៏ដោយរឿងហ្នឹងត្រូវតែដល់អង្គការសហប្រជាជាតិខាងផ្នែកគីមី»។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា នៅអំឡុងពេលសម័យសង្រ្គាមនោះ អាមេរិកបានទម្លាក់គ្រាប់បែកជាច្រើនប្រភេទដូចជាគ្រាប់កាំភ្លើង គ្រាប់បែក បេ៥២ គ្រាប់បូមប៊ី គ្រាប់បែកចង្កោម គ្រាប់បែកគីមី ហើយអ្វីដែលបានប្រើនៅឥណ្ឌូចិន ទាំងនៅវៀតណាម ទាំងនៅឡាវ ទាំងនៅកម្ពុជា មិនមែនជាគ្រាប់បែកបង្ហូរទឹកភ្នែកនោះទេ។ សម្តេចតេជោ បានរំលឹកផងដែរថា ក្រុមទាហានដែលធ្វើសង្រ្គាមទប់ទល់ជាមួយអាមេរិកនៅពេលនោះ គឺកងកម្លាំងសម្រាប់ទប់ទល់ជាមួយគ្រាប់បែកគីមី ដោយមានពាក់ម៉ាស់ និងហូបស្កគ្រាប់ ហើយបើចាំបាច់ពួកគេត្រូវផឹកទឹកនោមផងដែរ ដើម្បីប្រឆាំងនឹងឥទ្ធិពលគីមី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា វាគឺជារឿងដែលឈឺចាប់បំផុត នៅពេលដែលអាមេរិកយកកាំភ្លើង ឬគ្រាប់បែកមកទម្លាក់លើកម្ពុជាហើយ បែរជានិយាយថា ជាការយកផ្កាមកឲ្យកម្ពុជាទៅវិញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសយកសំណុំរឿងគ្រាប់បែកគីមីនេះ ប្តឹងទៅអង្គការសហប្រជាជាតិផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា «វាការគួរឲ្យស្រណោះខ្លាំងណាស់នៅពេលដែលគេយកគ្រាប់បែក យកដាវមកកាត់កយើង បែរជាគេថាយកផ្កាមកឲ្យយើងនោះ។ ប្រសិនបើអ្នកជាខ្ញុំ ប្រសិនបើអ្នកជាជនជាតិកម្ពុជា តើអ្នកទទួលបានទេ នៅពេលអ្នកយកដំបងមកវាយខ្ញុំ បែរជាជាង ៤០ឆ្នាំក្រោយ អ្នកបែរជានិយាយថា សម័យនោះខ្ញុំយកផ្កាមកឲ្យអ្នកឯងតើ! សម័យមុនអ្នកឯងបានយកអាវុធគីមី មកទម្លាក់នៅកម្ពុជា ប៉ុន្តែថ្ងៃនេះអ្នកឯងបែរជានិយាយថា ឧស្ម័នបង្ហូរទឹកភ្នែក។ ឧស្ម័នបង្ហូរទឹកភ្នែកវាមានឥទ្ធិពលអីរហូតដល់ជាង ៤០ឆ្នាំ។ ខ្ញុំសង្ឃឹមថា ឯកអគ្គរដ្ឋទូតអាមេរិក នឹងសិក្សាឲ្យបានច្បាស់ពីបញ្ហាហ្នឹង។ សេចក្តីថ្លែងការណ៍របស់ខ្លួនហាក់ដូចជាការប្រមាថមើលងាយចំពោះវិញ្ញាណក្ខន្ធ មើលងាយចំពោះជីវិតប្រជាពលរដ្ឋកម្ពុជាពេកហើយ ដែលបានធ្វើរឿងនេះអាវុធគីមី ទៅជាឧស្ម័នបង្ហូរទឹកភ្នែក»។

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយហៅគ្រាប់បែកគីមី ដែលអាជ្ញាធររកឃើញនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ជាឧស្ម័នបង្ហូរទឹកភ្នែក។ សេចក្តីថ្លែងការណ៍ថែមទាំងអះអាងថា ឧស្ម័យទាំងនោះមិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះឡើយ៕

">