(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងលោកស្រី អាន ផល្លា បានមូលមតិគ្នាជាឯកឆ្ឆ័ន្ធប្រារព្ធពិធីអង្គកឋិនទាន «មហាសាមគ្គី» ដ៍ធំមួយដើម្បីនាំយកបច្ច័យពុទ្ធបរិស័ទ សម្បុរសជនចូលរួមចាប់មគ្គផលតាមពុទ្ធសទ្ធាជ្រះថ្លា សម្រាប់ការកសាងសមិទ្ធផលនានា នូវវត្តចំនួន៥ក្នុងខណ្ឌ ដោយកម្មវិធីបុណ្យចាប់ផ្ដើមនៅថ្ងៃសៅរ៍ ២កើត ខែកក្ដឹក ឆ្នាំរកា នព្ធស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល ក្នុងការជួបជុំថ្វាយក្រុងពាលី ជាមួយម្ចាស់ទាន និងបងប្អូនញាតិមិត្តជិតឆ្ងាយ រួមនិងធ្វើបទនមស្សការ ព្រះរតនត្រ័យ សមាទានសីល និមន្ដព្រះសង្សចំរើនព្រះបិត្ត សំដែងព្រះធម៌ទេសនា រហូតព្រឹកឡើងថ្ងៃអាទិត្យ ៣កើត ខែកក្ដឹក ត្រូវនិងថ្ងៃទី២២ ខែឆ្នាំដដែល វេលាម៉ោង៧ព្រឹក «អង្គកឋិនទានមហាសាមគ្គី"» និងរៀបចំដង្ហែក្បួនចេញពីសាលាខណ្ឌ ឆ្ពោះទៅកាន់ និងប្រគេនព្រះសង្ស ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមា «វត្តព្រៃពួច» ស្ថិតនៅភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ការផ្ដួចផ្ដើមកម្មវិធីបុណ្យខាងលើនេះ លោក ជា ពិសី បានថ្លែងថា ក្បួនកឋិនទានមហាសាមគ្គី និងដង្ហែក្បួនចេញពីសាលាខណ្ឌឫស្សីកែវ ឆ្ពោះទៅកាន់ និងប្រគេនព្រះសង្ស ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមា «វត្តព្រៃពួច» ខាងលើនេះ ក្រោមការចូលរួមពីលោក ជា ហឿម ព្រមទាំងបុត្រ និងចៅៗ លោក អាន សាមឿន និងលោកស្រី ពៅ សាលី អភិបាលរងខណ្ឌ លោក លីន ញ៉ក់ និងភរិយា អភិបាលរងខណ្ឌ លោក ប្រាជ្ញ សីហា និងភរិយា អភិបាលរងខណ្ឌ លោក ស៊ូ សោគន្ធ និងភរិយា អភិបាលរងខណ្ឌ លោកស្រី សួស សូលីដា ព្រមទាំងបុត្រ អធិការនគរបាលខណ្ឌ និងភរិយា មេបញ្ជាការអាវុធហត្ថខណ្ឌ និងភរិយា និងលោកនាយក-លោកនាយករង មន្ត្រីបុគ្គលិក ចំណុះតាមការិយាល័យជុំនាញខណ្ឌ ព្រមទាំងលោកតា លោកយាយ និងសម្បុរសជនជាច្រើនបានមកចូលរួមជាបច្ច័យចំនួន ៥៤០០ដុល្លារ បានវេប្រគេនឲ្យទៅព្រះចៅអធិការវត្ត «ព្រៃពួច» និង២៥លានរៀលផ្សេងទៀត បានវេប្រគេនឲ្យទៅវត្តចំនួន៥រួមមាន៖ វត្តទួលសុវណ្ណរាម (ហៅវត្តទួលសង្កែ) វត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) វត្តញាណរង្សី វត្តឧត្តរាវតី និងវត្តពោធិវង្សកោះអណ្ដែត ដោយក្នុង១វត្ត៥លានរៀល យ៉ាងអធឹកអធ័ម ដើម្បីសាងកុសល់ផលបុណ្យសម្រាប់ជាតិនេះ និងជាតិក្រោយទៀត ដែលជាពិធីបុណ្យត្រូវបានប្រជាពលរដ្ឋខ្មែរ សាសនាព្រះពុទ្ធ ប្រារព្ធឡើងតៗគ្នារហូតពីជំនាន់មួយទៅជំនាន់មួយ តាមទំនាមទម្លាប់ប្រពៃណីខ្មែរតាំងពីបុរាណកាលមក។

លោក ជា ពិសី បន្តថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស្ស័យ ប្រជាពលរដ្ឋប្រុសស្រីសប្បាយនឹងការធ្វើបុណ្យកឋិនទាន រួមទាំងពិធីបុណ្យផ្សេងៗ ដែលជាទំនាមទម្លាប់របស់ដូនតា ជាពិសេសសម្តេចតេជោ បានធ្វើឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សចំពោះវិស័យព្រះពុទ្ធសាសនារស់រវើក និងបានដើរទទឹមគ្នារវាងពុទ្ធចក្រ និងអាណាចក្រ ដូចជាវត្តអារាម អាស្រម និងទីកន្លែងបូជាស្ការៈផ្សេងៗ បើទោះបីជានៅចុងកាត់មាត់ញក ក៏មានវត្ត និងព្រះវិហារផងដែរ។

គួរបញ្ជាក់ផងដែរថា បុណ្យអង្គកឋិនទាននាសម័យពុទ្ធកាល ពេលដែលព្រះសម្មាសម្ពុទ្ធទើបបានត្រាស់ដឹងថ្មីៗ ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃប្រើប្រាស់តែសំពត់បង្សុកូល គឺសំពត់ឥតម្ចាស់ ដែលភិក្ខុរកបានពីព្រៃស្មសាន ឬពីគំនរសំរាម ប៉ុន្តែក្រោយមកទើបទ្រង់អនុញ្ញាតឲ្យភិក្ខុអាចប្រើប្រាស់គហបតីចីវរ គឺសំពត់មានម្ចាស់ ដែលភិក្ខុបានមកដោយសារគេប្រគេន ចាប់ពីពេលនេះហើយ ដែលកឋិនទានចាប់ផ្ដើមមានកំណើតឡើងកឋិនទាន គឺជាបុណ្យមួយដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដីអាចធ្វើបានតែក្នុងសម័យតែ១ខែគត់ «២៩ថ្ងៃ» ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយក៏មិនអាចហៅថា កឋិនទានបានដែរ ព្រោះធ្វើខុសកាលទានមិនចំសម័យមួយខែចុងវស្សានរដូវនេះ ពោលគឺមិនត្រូវតាមពុទ្ធានុញ្ញាតក្នុងវត្តមួយ បើការចាំវស្សាគ្មានភិក្ខុសោះក៏មិនអាចហែកឋិនចូលបានដែរ ព្រោះសាមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះតែយ៉ាងហោចបំផុតត្រូវមានភិក្ខុ១អង្គដែរ ហើយដែលបានចាំវស្សាអស់៣ខែបានត្រឹមត្រូវ ទើបអាចហែកឋិនចូលបាន៕