(ភ្នំពេញ)៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ប្តេជ្ញាដាច់ខាតការពាររាល់វិធានការនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេចចិត្តរបស់ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ដែលបម្រើនូវឧត្តមប្រយោជន៍ជាតិ នាំមកនូវសុខសន្តិភាព និងឈរលើវិថីការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៣ និងបើកវគ្គបន្តជំនាន់ទី២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនមិត្តភាពកម្ពុជាឥណ្ឌូនេស៊ី (ក្រាំងចេក) នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។

នាយឧត្តមសេនីយ៍ បានបន្តថា កងយោធពលខេមរភូមិន្ទ មានភារកិច្ចចម្បងបំផុតក្នុងការថែរក្សានូវមនុញ្ញផល និងកេរិ៍ដំណែលដ៏វិសាលនៃសន្តិភាព ដើម្បីការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ កងយោធពលខេមរភូមិន្ទ ប្រឆាំងដាច់ខាត និងមិនបណ្តោយឲ្យក្រុមជ្រុលនិយមណាមួយ ឬនរណាម្នាក់មកបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជនកម្ពុជាបានឡើយ។ កងយោធពលខេមរភូមិន្ទ បាននិងកំពុងត្រៀមអនុវត្តសកម្មភាពនិងចំណាត់ការគ្រប់យ៉ាងជាមួយកម្លាំងពេញលេញ ដើម្បីប្រឆាំងរាល់ការបង្កហេតុ ដើម្បីថែរក្សាសន្តិភាពជាតិ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានផ្តល់អនុសាសន៍ ដល់កម្មសិក្សាការីវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៣ ក៏ដូចសិក្ខាកាមវគ្គបន្តជំនាន់ទី២៤ ត្រូវលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិ គោរពឲ្យបានម៉ឺងម៉ាត់រាល់បញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ប្រគល់ជូន។ ត្រូវបន្តស្វ័យសិក្សា គោរពវិន័យ មានភក្តីភាពចិត្តក្លាហានមោះមុត មានការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាពល្អ និងស្មោះត្រង់ដាច់ខាតចំពោះថ្នាក់ដឹកនាំ ដើម្បីបំពេញភារកិច្ចទទួលបានជោគជ័យ និងអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើន។

អង្គភាពត្រូវរួមសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធក្នុងកិច្ចការការពារសន្តសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ ជាពិសេសការពារសន្តសុខ សុវត្ថិភាពឲ្យបាន១០០%ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ។ ត្រូវលើកកម្ពស់ស្មារតីថែរក្សាសម្ភារៈ បរិក្ខា សព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗឲ្យបានល្អ។ ត្រៀមកម្លាំង មធ្យោបាយសម្ភារៈ ជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា។

នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើរដល់នាយ និងពលទាហាន បញ្ជាការដ្ឋានអង្គរក្សទាំងអស់ ត្រូវសហការថែរក្សា ការពារឲ្យបានដាច់ខាតនូវសន្តិភាព ការពាររដ្ឋធមនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ការពារបូរណភាពទឹកដី និងប្រឆាំងដាច់ខាតនូវក្រុមជ្រុលនិយម ឬសកម្មភាពទាំងឡាយណាមួយនាំឲ្យមានភាពវឹកវរក្នុងសង្គមជាតិ ដែលមានចរិកបដិវត្តន៍ពណ៌ ក្នុងគោលបំណងបំផ្លាញសុខសន្តិភាព សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនរបស់ប្រទេសជាតិ។

ក្នុងរបាយករាណ៍បិទវគ្គរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក នួន ណារិន្ទ មេបញ្ពាការរង បញ្ជាការដ្ឋានអង្គរក្ស និងជានាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនមិត្តភាពកម្ពុជាឥណ្ឌូនេស៊ី(ក្រាំងចេក)និងឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៊ីងប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ពាការនៃ បញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថាវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៣ មានសិក្ខាកាមចូលរួមចំនួន ៣៥០នាក់ ដោយបានចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។

មានរយៈពេល៩ខែ ២១ថ្ងៃ ដោយផ្តោតលើខ្លឹមសារមេរៀនសំខាន់ៗ រួមមានលំហាត់របៀប លំហាត់ពង្រឹងកាយសម្បទា ហែលទឹក ក្បាច់គុនការ៉ាតេ ហ្វឹកហ្វឺនជំនាញអង្គរក្ស និងហ្វឹកហ្វឺនជំនាញទ័ពព្រៃ។

ជាលទ្ធផលបញ្ចប់វគ្គ មាននិទ្ទេសល្អ ចំនួន៨៧នាក់ ល្អបង្គួរ១៧៤នាក់ មធ្យម៦៩នាក់ និងមធ្យម ២០នាក់។បញ្ជាការដ្ឋានអង្គរក្សក្រៅពីតួនាទីភារកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនសម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារភ្ញៀវជាតិនិងអន្តរជាតិថ្នាក់ដឹកនាំពិភពលោកមកទស្សនៈកិច្ចផ្លូវការនៅកម្ពុជា។ អង្គរក្សជាកម្លាំងអន្តរាគមន៍ចុះជួយដកស្ទូងច្រូតកាត់បូមទឹកជូនប្រជាពលរដ្ឋហើយជាសេនាធិការឱ្យកាកបាទក្រហមកម្ពុជាក្នុងការចុះជួយចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះជនចាស់ជរាស្រ្តីមេម៉ាយកុមារកំព្រានិងប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ខ្យល់ព្យុះគ្រោះធម្មជាតិផ្សេងៗ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបំពាក់គ្រឿងឥស្សរិយយសមេដាយជូនសប្បុរជនព្រមទាំងបាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនមិត្តភាពកម្ពុជាឥណ្ឌូនេស៊ី(ក្រាំងចេក) មានអង្ករ ១០តោនមី ១០០កេសត្រីខ១០០កេសទឹកដោះគោ១០០កេស ស្កសរ២តោននិងថវិការ៤០លានរៀល។