(ភ្នំពេញ)៖ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅសាលមហោស្រពសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមកពីគណបក្សប្រឆាំងមួយនេះ មិនមានការដកហូតតំណែងនោះឡើយ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អត់មានប៉ះពាល់ទេ ដោយសារអី? ដោយសារតែប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សុទ្ធតែបានលាលែងចេញពីគណបក្សនយោបាយរួចទៅហើយ។ អ៊ីចឹងទេ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អត់មានផលប៉ះពាល់ទេ ព្រោះគេបានលាចេញពីបក្សហើយ»។

តែទោះជាយ៉ាងណា សម្ដេចតេជោបានបញ្ជាក់ថា ចំពោះសមាជិកព្រឹទ្ធសភា បច្ចុប្បន្នគ្មានឱកាសឈរឈ្មោះជាសមាជិកព្រឹទ្ធសភាតទៅទៀតឡើយ ប្រសិនបើគណបក្សសង្គ្រោះជាតិ ត្រូវរំលាយមុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ខាងមុខ។

សូមជម្រាបថា គណៈកម្មាធិការ​ជាតិ​​រៀប​ចំការ​បោះឆ្នោត​​ ត្រូវបាន​បង្កើត​ឡើង​​ដោយយោងតាម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​​ជ្រើស​​តាំង​តំណាង​រាស្ត្រ ដែល​​ត្រូវ​បានអនុម័ត​ក្នុង​ឆ្នាំ​១៩៩៧។

ចាប់ពី​ឆ្នាំ១៩៩៨-២០០២ គ.ជ.ប មាន​សមា​ជិកចំនួន ១១រូប មាន​សមាស​ភាព​ជា​ឥស្សរ​ជន​ខ្មែរ តំណាង​ប្រជាពលរដ្ឋ តំណាង​គណបក្សនយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋស​ភា តំណាងក្រសួង​មហា​ផ្ទៃ និង​តំណាង​អង្គការមិនមែនរដ្ឋាភិបាល​ ដែលបានរៀប​ចំការ​បោះឆ្នោត​ជ្រើស​តាំងតំណាង​រាស្ត្រ អាណត្តិទី២ ឆ្នាំ​១៩៩៨ និង​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ-សង្កា​ត់អាណត្តិ​ទី១ ឆ្នាំ២០០២។

ចាប់ពី​ឆ្នាំ២០០២-២០០៦ គ.ជ.ប មាន​សមា​ជិក-សមា​ជិ​កាចំនួន ៥រូប ដែល​បានរៀប​ចំកា​របោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ អាណត្តិទី៣ ឆ្នាំ២០០៣ និងការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា និតី​កាល​ទី២ ឆ្នាំ២០០៦។

ចាប់ពី​ឆ្នាំ២០០៦-២០១៥ គ.ជ.ប​ មាន​សមាជិក-សមាជិកាចំនួន ៩រូប ដែល​បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី២​ ឆ្នាំ២០០៧។ ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ អាណត្តិទី៤ ឆ្នាំ២០០៨ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី-​ខេត្ត ក្រុម​ប្រឹក្សា​ក្រុង-ស្រុក-​ខណ្ឌ អាណត្តិទី១ ឆ្នាំ២០០៩។

ចាប់ពី​ឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន គ.ជ.ប មាន​សមាជិក-សមាជិកាចំនួន ៩រូប ទទួល​​បាន​អាណត្តិការងាររយៈពេល៥​ឆ្នាំ ​​ក្នុងនោះសមាស​ភាព​៤​រូប ​ជ្រើសរើសដោយ​គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល, ៤​រូប ​ជ្រើស​រើស​ដោយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្ស​មានអាសនៈ​ក្នុង​រដ្ឋសភា តែ​មិនបាន​ចូលរួម​​ក្នុង​​រាជរដ្ឋាភិបាល និង​១​រូបទៀត ​​ជ្រើស​រើស​​ដោយ​មាន​ការ​​ព្រម​ព្រៀង​គ្នា​រ​វាង​គណបក្ស​ទាំង​អស់ ​ដែល​មានអាសនៈ​ក្នុង​រដ្ឋសភា។

សមាជិករបស់ គ.ជ.ប ដែលមានកូតាមកពីគណបក្សសង្គ្រោះជាតិមានចំនួន ៤រូបនោះ រួមមាន៖ លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប លោក រ៉ុង ឈុន លោក ហ៊ីង ធីរិទ្ធ និងលោកស្រី តែ ម៉ានីរ៉ុង ជាសមាជិក គ.ជ.ប។

គួរបញ្ជាក់ថា ក្រោយពីគណបក្សហ្វ៊ុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សយុវជនកម្ពុជ របស់លោក ពេជ្រ ស្រស់ បានប្ដឹងទៅក្រសួងមហាផ្ទៃ ដែលជាអាណាព្យាបាលលើគណបក្សនយោបាយទាំងអស់នៅកម្ពុជា ដើម្បីសុំរំលាយគណបក្សសង្គ្រោះជាតិរួចមក ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្ដឹងប្ដឹងរំលាយគណបក្សប្រឆាំងមួយនេះបន្តទៅតុលាការកំពូល ហើយខណៈនេះ តុលាការកំពូលក៏កំពុងដំណើរការនីតិវិធីលើពាក្យបណ្ដឹងនោះផងដែរ។

មូលហេតុដែលនាំទៅដល់ការដាក់ពាក្យបណ្ដឹង សុំរំលាយគណបក្សសង្គ្រោះជាតិបែបនេះ ដោយសារមានការបែបធ្លាយសារសំឡេងរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបាននិយាយពីផែនការយុទ្ធសាស្ត្រធ្វើបដិវត្តពណ៌ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កាលពីឆ្នាំ២០១៣ ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នង៕

">