(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីការចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ទាំងតំណាងរាស្រ្ត ចៅសង្កាត់ មេឃុំ ឬជំទប់ ឬជំទប់ ឬសមាជិករបស់គណបក្សសង្រ្គោះជាតិ, នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ឡុង ប៊ុន្នី ប្រចាំមណ្ឌលព្រៃវែង ប្រកាសដាក់លិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចុះចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
នៅក្នុងលិខិតរបស់លោក ឡុង ប៊ុន្នី បានសរសេរយ៉ាងដូច្នេះថា៖ «កម្មវត្ថុ សំណើសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា, សេចក្តីដូចមានចែងក្នុងខាងលើ ខ្ញុំបាទសូមគោរពជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា បន្ទាប់ពីបានដឹងថា លោក កឹម សុខា ជាជនក្បត់ជាតិ ខ្ញុំបាទសូមសម្តេចអគ្គមហាសេនាបតីតេជោ មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយសេចក្តីអនុគ្រោះ»។
លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានសុំធ្វើកិច្ចសម្ភាសន៍ពិសេសមួយ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ «សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្វាគមន៍ទាំងអស់ចំពោះការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា និងសូមអំពាវនាវបន្តទៀត ប្រសិនបើតំណាងរាស្រ្ត មេឃុំ ចៅសង្កាត់ ឬសមាជិកគណបក្សសង្រ្គោះជាតិ ដែលមានបំណងចុះចូល គឺគណបក្សប្រជាជនកម្ពុជាស្វាគមន៍ទាំងអស់»។
នៅព្រឹកថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករ និយោជិត ជាង៤ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រ ឲ្យដឹងថា នៅពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង ៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕