(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថានៅពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើពួកគេព្រមមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង ៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ។

សម្តេចតេជោ ហ៊ុ​ន សែន បានប្រកាសបែបនេះ ក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករ និយោជិត ជាង៤ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវខ្ញុំសូមផ្តាំមេឃុំ-ចៅសង្កាត់របស់គណបក្សសង្រ្គោះជាតិ ឬជំទប់ ឬសមាជិករបស់សង្រ្គោះជាតិ បើអ្នកចង់រក្សាជាចៅសង្កាត់ ជាមេឃុំតទៅទៀត អ្នកប្តូរជីវភាពមកចូលគណបក្សប្រជាជនកម្ពុជាទៅ បន្តទៅ។ គណបក្សរបស់អ្នករលាយហើយ អ្នកមិនអាចនៅធ្វើមេឃុំ ចៅសង្កាត់ ឬជំទប់ ឬសមាជិកក្រុមប្រឹក្សាបានទៀតទេ ក៏ប៉ុន្តែនៅពេលបក្សរលាយអ្នកចង់ទៅតាមបក្សក៏ទៅ ប៉ុន្តែបើអ្នកចង់នៅធ្វើមេឃុំ អ្នកប្រកាសចាកចេញពីគណបក្សណុង ហើយសូមចូលគណបក្សប្រជាជន។ អ៊ីចឹងយើងរៀបចំបញ្ជីឈ្មោះឡើងវិញ ដាក់ក្នុងកូតាជាប់ជាចៅសង្កាត់ ឬ មេឃុំនៅនឹងតែម្តង»។

យោងតាមសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ស្នើឡើងដោយតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា បានចែងថា មេឃុំ-ចៅសង្កាត់ មកពីគណបក្សនយោបាយដែលត្រូវរំលាយ អាសនៈរបស់មេឃុំ និងចៅសង្កាត់ ក៏ដូចជាសមាជិកក្រុមប្រឹក្សាដទៃទៀត មកពីគណបក្សនយោបាយមួយនេះ នឹងត្រូវប្រគល់ទៅឲ្យគណបក្ស នយោបាយដទៃដែលបានដាក់ពាក្យប្រកួតប្រជែង។ បើតាមច្បាប់ដែលស្នើធ្វើវិសោធនកម្មថ្មីនេះ អាសនៈមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សារបស់គណបក្សសង្រ្គោះជាតិអាចនឹងត្រូវបាត់បង់ ប្រសិនបើគណបក្សសង្រ្គោះជាតិត្រូវរំលាយតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។

សម្តេចតេជោ ហ៊ុ​ន សែន បានថ្លែងជំនឿចិត្តរហូតដល់ទៅជាង ៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនិងត្រូវរំលាយ ហើយការរំលាយនេះ គឺធ្វើឡើងមុនការវិនិច្ឆ័យទោសលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិថែមទៀតផង។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងសង្កត់ធ្ងន់ផងដែរថា កុំយកសហគមន៍អន្តរាជាតិមកដាក់សម្ពាធ គឺមិនអាចទៅរួចនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានហៅការទទួលយក មេឃុំ ចៅសង្កាត់ ជំទប់ ឬសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នេះថា ជាការអនុវត្តន៍នយោបាយឈ្នះឈ្នះ ដែលសម្តេចធ្លាប់បានធ្វើជាមួយខ្មែរក្រហម។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានទទូចឲ្យសមាជិករបស់គណបក្សប្រជាជនកម្ពុជា កុំមានការអាក់អន់ស្រពន់ចិត្តទៅលើបញ្ហានេះផងដែរ។

សម្តេចបានបញ្ជាក់ថា ការបន្តធ្វើជាមេឃុំ និងចៅសង្កាត់ គឺជាជម្រកដ៏សុវត្ថិភាពសម្រាប់មេឃុំ ចៅសង្កាត់ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សសង្រ្គោះជាតិ។

សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា បន្តថា «ខ្ញុំគ្រាន់តែផ្តល់ឱកាស និងបើកទ្វារសម្រាប់បងប្អូន ព្រោះបងប្អូនមួយចំនួនអស់លុយច្រើនណាស់ទម្រាំបានធ្វើចៅសង្កាត់ មេឃុំ បង់លុយអស់ច្រើនណាស់។ ហើយសមាជិកគណបក្សប្រជាជន ដែលបានជាប់ត្រឹមតែជាជំទប់កុំអាក់អន់ចិត្ត ជាមួយចៅសង្កាត់ ឬមេឃុំ ដែលមកពីសង្រ្គោះជាតិ ព្រោះគាត់បានដូរជីវភាពមករស់នៅជាមួយយើងទៅហើយ នឹងហើយនយោបាយឈ្នះឈ្នះនោះ។ តែមិនអាចឲ្យពួកក្បត់ឈ្នះបានទេ ឈ្នះជាមួយបានទេ អង្គការចាត់តាំងត្រូវរលាយហើយ។ ជម្រកសុវត្ថិភាពគឺបន្តស្នាក់នៅធ្វើមេឃុំ ធ្វើចៅសង្កាត់ តាមរយៈចូលមគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនធានាអះអាងថា ឲ្យអ្នកបន្តធ្វើជាចៅសង្កាត់ មេឃុំ ឬជំទប់ ឬសមាជិកក្រុមប្រឹក្សាឃុំសង្កាត់បន្តទៅទៀត»។

សូមបញ្ជាក់ថា កាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ដែលបានធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ គណបក្សសង្រ្គោះជាតិទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់សរុប ៥,០០៧នាក់ ដែលក្នុងនោះមេឃុំ-ចៅសង្កាត់ ៤៨៩នាក់ ជំទប់ទី១ ៥០៣នាក់ និងជំទប់ទី២ ១,០៨៧នាក់៕

">