(ភ្នំពេញ)៖ នៅព្រឹកថ្ថៃទី២២ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យដែលបានប្រើកាំបិតបុ័ងតោ អារ.ក និងកាប់សង្សារខ្លួនឯងត្រូវសមត្ថកិច្ចនគបាលខណ្ឌមានជ័យបញ្ជូនមកដល់សាលាដំបូង ហើយសំណុំរឿងប៉ុនប៉ងឃតកម្មនេះតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ កំពុងសាកសួរមុនបន្តបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនដៃដល់។
គួររំឮកថា កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១២៖២០នាទីយប់ មុនពេលកើតហេតុ ជនរងគ្រោះ បានជួបជុំផឹកស៊ីជាមួយអ្នកជួលបន្ទប់ជិតខាង។ ពេលនោះ ជនសង្ស័យជាសង្សារ បានប្រច័ណ្ឌ ហើយរករឿងឈ្លោះប្រកែកគ្នាជាមួយនារីងរងគ្រោះខាងលើ បន្ទាប់មកជនសង្ស័យបានយកកាំបិត ធ្វើសកម្មភាពអារ.កជនរងគ្រោះ តែខណៈនោះជនរងគ្រោះក៏បានប្រតាយប្រតប់គ្នា និងស្រែកឲ្យគេជួយ ទើបជនសង្ស័យទម្លាក់កាំបិតចោល ហើយរត់គេចខ្លួនបាត់។
លុះដល់ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ដឹកនាំកម្លាំងដោយ វរសេនីយ៍ត្រី ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ កំណត់មុខសញ្ញាជនសង្ស័យបាន រួចឈានទៅចាប់ខ្លួន បាននៅចំណុចផ្ទះជួលដែលជនសង្ស័យស្នាក់នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បញ្ជូនទៅកាន់ប៉ុស្តិ៍ស្ទឹងមានជ័យដើម្បីសាកសួរភ្លាមៗតែម្តង។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សៀវ ហ្វុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បញ្ចូលបទភ្លេងទូរស័ព្ទ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ កែវ ស្រីល័ក្ខ អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ (របួសបំពង់ក និងដៃខាងស្តាំបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសុមៈ)៕