(តូក្យូ)៖ ការបោះឆ្នោតនៅក្នុងប្រទេសជប៉ុនបានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីជ្រើសរើសតំណាងរាស្ត្រសភាជាន់ទាប ខណៈការស្ទង់មតិមួយចំនួនបង្ហាញថាក្រុមចំរុះនយោបាយ របស់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ អាចនឹងទទួលបានសំឡេងគាំទ្រពីរភាគបី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK នៅថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ការិយាល័យបោះឆ្នោតបានបើកទ្វារនៅម៉ោង៧ព្រឹក ហើយនឹងត្រូវបិទទ្វារនៅម៉ោង៨យប់។ ចំណែកឯ បេក្ខជន ១,១៨០នាក់ កំពុង ប្រកួតប្រជែងគ្នាដណើ្ដមអាសនៈចំនួន៤៥៦ ដោយក្នុងនោះតំណាងរាស្ត្រ ២៨៩នាក់ នឹងត្រូវបោះឆ្នោតដោយផ្ទាល់ រីឯ១៧៦នាក់នឹងត្រូវបោះឆ្នោតតាមរយៈប្រព័ន្ធតំណាងសមាមាត្រ។ ក៏ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់បេក្ខជនជាច្រើនបានអំពាវនាវឱ្យប្រជាជនជប៉ុនទំាងអស់បោះឆ្នោតដោយ ផ្ដោតសំខាន់ទៅលើការងាររបស់រដ្ឋាភិបាល លោក ស៊ីន ហ្សូអាបេ ដូចជាគំរោង តម្លើងពន្ធ វិសោធនកម្មរដ្ឋធម្មនុញ្ញ គោលនយោបាយនុយក្លេអ៊ែរ និងវិធីសាស្ត្រប្រឈមមុខនឹងកូរ៉េខាងជើងជាដើម។
គួរបញ្ជាក់ថា បើតាមការស្ទង់មួយធ្វើឡើងដោយសារព័ត៌មានជប៉ុន Kyodo ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា បង្ហាញថា គណបក្សសេរីប្រជាធិបតេយ្យ (LDP) របស់ លោក អាបេ អាចនឹង ទទួលបានជ័យជម្នេះ ជាមួយការដណ្ដើមបានកៅអី ២៨០អាសនៈ នៅក្នុងចំណោមអាសនៈសរុបនៃសភាជាន់ទាបទាំង ៤៦៥។ មិនតែប៉ុណ្ណោះ បើយកអាសនៈទាំងនេះទៅបូកផ្សំជាមួយ អាសនៈរបស់គណបក្សជាដៃគូ នោះLDP អាចនឹងនៅតែរក្សាសំឡេងពីរភាគបីដដែល ដូចមុនពេលសភាជាន់ទាបត្រូវបាន លោក អាបេ ប្រកាសរំលាយ។ មួយវិញទៀត ក្រុមហ៊ុន ជប៉ុនជាច្រើនក៏ចង់ឱ្យក្រុមចំរុះ លោក អាបេ គ្រប់គ្រងប្រទេសដែរ ក៏ប៉ុន្តែពួកគេមិនចង់ឱ្យនាយករដ្ឋមន្ត្រីជប៉ុនរូបនេះទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីពេកនោះទេហើយមូលហេតុគឺដើម្បី រក្សាស្ថេរភាពនយោបាយ៕