(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ បង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងបំផុតចំពោះសុវត្ថិភាព របស់ប្រជាពលរដ្ឋឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ក៏ដូចជាប្រជាពលរដ្ឋតំបន់ដទៃទៀត ដែលកំពុងរស់នៅតំបន់មានគ្រាប់បែកទំលាក់ពីយន្តហោះជាអាវុធគីមី បន្ទាប់ពីសហរដ្ឋអាមេរិក ចេញសេចក្តីថ្លែងការណ៍ បំភ័ន្តការពិតថា គ្រាប់បែកដែលរកឃើញជា ឧស្មន័បង្ហៀរទឹកភ្នែកគ្មានគ្រោះថ្នាក់អ្វីទេនោះ។
លោក ហេង រតនា ចាត់ទុកថា ការធ្វើបែបនេះរបស់អាមេរិក គឺជាបន្ថែមការធ្វើបាបចំពោះប្រជាពលរដ្ឋខ្មែរ ដែលធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា គ្រាប់បែកគីមីទាំងនោះជាឧស្មន័បង្ហៀរទឹកភ្នែក នាំឲ្យពលរដ្ឋខ្វះការប្រុងប្រយ័ត្ន បង្កឲ្យមានហានិភ័យខ្ពស់។
លោក ហេង រតនា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News យ៉ាងដូច្នេះថា យើងពិតជាមានការព្រួយបារម្ភខ្លាំងបំផុត ចំពោះសុវតិ្ថភាពប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់មានគ្រាប់បែកទំលាក់ពីយន្តហោះជាអាវុធគីមី ហើយត្រូវបានក្រុមខ្លះខិតខំផ្សព្វផ្សាយថា គ្រាប់អាវុធគីមីនោះជា ឧស្មន័បង្ហៀរទឹកភ្នែក ដែលសារឬព័ត៌មានបែបនេះអាចនាំឲ្យបងប្អូនប្រជាពលរដ្ឋយល់ច្រឡំថា គ្មានគ្រោះថ្នាក់ និងគ្រាន់តែជាឧស្មន័បង្ហៀរទឹកភ្នែក បង្ក្រាបបាតុករធម្មតាតែប៉ុណ្ណោះ! ។ សូមបញ្ជាក់ថា សារធាតុគីមីនេះប្រភេទ chlorobenzalononitrile (CS) អាចមានរូបមន្តលាយល្បាយជាមួយសារធាតុផេ្សងៗទៀត ដើម្បីផលិតជាគ្រាប់ច្រើនប្រភេទដូចជាគ្រាប់កាំភ្លើងធំ គ្រាប់បែកដៃ គ្រាប់បែកផែ្សង កូនគ្រាប់បែកចង្កោមជាដើម។ល។
លោកបញ្ជាក់ទៀតថា តាមធម្មតាប្រសិនជាឧស្ម័នបង្ហៀទឹកភ្នែក វាគ្មាននៅសល់ជាសំណល់បង្កគ្រោះថ្នាក់ទៀតទេ ព្រោះថាឧស្ម័នមានន័យថាជាខ្យល់លាយសារធាតុពុលប៉ុណ្ណោះ ដូចនេះនៅពេលបែកបាក់ធុងឬសំបករបស់វា ឧស្មន័ទាំងនោះត្រូវសាបរលាបតាមខ្យល់អស់ដោយប្រើរយៈពេលខ្លី!។ យោងតាមវត្ថុតាង សំណាកនៃសំណល់សារធាតុគីមី និងប្រភេទគ្រាប់បែកទំលាក់ពីយន្តហោះនេះ អាចប្រភេទសារធាតុគីមី CS-2 មិនមែនជាឧស្មន្ម័បង្ហៀរទឹកភ្នែកទេ។
អគ្គនាយករូបនេះបន្ថែមទៀតថា សារធាតុគីមី CS គេឃើញយកមកប្រើជាអាវុធមាន៣ផ្នែក គឺទី១៖ សារធាតុ CS ទី២៖ សារធាតុ CS-1 និងទី៣៖ សារធាតុ CS-2 ហើយរូបមន្តនិងប្រតិកម្មរបស់វាក៏ផេ្សងៗគ្នាដែរ។ សារធាតុ CS អាចមានកំរិតពុលហៀរទឹកភ្នែកលាយបង្កើតជាឧស្ម័នអាចប្រើប្រាស់បង្ក្រាបបាតុកម្ម គ្រាប់បែកផ្សែងពុលជាដើម វានឹងរលាយតាមខ្យល់។ សារធាតុ CS-1 ជាម្សៅ សំរាប់ប្រើប្រាស់ផ្ទុះឆេះបង្កពុល ហើយរលាយតាមខ្យល់និងទឹក។ ដោយឡែកសារធាតុគីមី CS-2 មិនរលាយក្នុងទឹកនិងតាមខ្យល់ទេ។ ដូចនេះ គ្រាប់បែកទំលាក់ពីយន្តហោះជាអាវុធគីមីនៅឃុំគគីរនោះ អាចជាសារធាតុគីមី CS-2 ។ មានន័យថា បើជាឧស្ម័នបង្ហៀរទឹកភ្នែក CS និងសារធាតុគីមី CS-1 វារលាយតាមខ្យល់និងទឹកអស់យូរឆ្នាំ ឬក៏តាំងពីទំលាក់ដល់ដីតែប៉ុន្មានម៉ោងម្ល៉េះ។
ជាមួយគ្នានេះ លោកក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងមូលដ្ឋាន មេត្តាជួយចូលរួមប្រុងប្រយត្ន័ និងជួយថែរក្សាតំបន់សុវត្ថិភាព ស្លាកសញ្ញាសំគាល់គ្រោះថ្នាក់ និងស្ថិតនៅឆ្ងាយពីគ្រាប់បែកទាំងនេះ។ ចៀសវាងដាច់ខាតទៅគាល់កកាយដោយយល់ថាគ្មានគ្រោះថ្នាក់ ឬគ្រោះថ្នាក់ត្រឹមហៀរទឹកភ្លែក។ ជាក់ស្តែងមន្ត្រីស៊ីម៉ាក់គ្រាន់តែដាច់ស្រោមដៃតិចតួចក៏ពងរមាស់ពេញដៃដែរ។ យើងត្រូវការអង្គការហាមឃាត់អាវុធគីមី របស់អង្គការសហប្រជាជាតិ ត្រួតពិនិត្យ និងផ្តល់របាយការណ៍ប្រកបដោយតម្លាភាព ដើម្បីយើងមានវិធានការសមស្របជួយប្រជាជនយើង៕