(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ តំណាងកងកម្លាំងនគរបាលអន្តោប្រវេសន៍ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ទៅនឹងសម្ដីជនក្បត់ជាតិ សម រង្ស៊ី ដែលញុះញង់ឲ្យកម្លាំងប្រដាប់អាវុធ ប្រឆាំងរាជរដ្ឋាភិបាល ដែលបានប្រកាសតាម «ឃ្លីបវីដេអូមួយ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១១ បានអំពាវនាវឲ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយបានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បង្វែកាណុងមកកាន់រដ្ឋាភិបាលកម្ពុជា ដែលនេះជាអំពើក្បត់ជាតិសុទ្ធសាធ ហើយការអំពាវនាវនេះ គឺផ្សារភ្ជាប់ទៅនឹងការលើកឡើងរបស់ កឹម សុខា នៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិកផងដែរ។ វាជាវីដេអូចាស់ ប៉ុន្តែវាគឺបានផ្សារភ្ជាប់មកដល់បច្ចុប្បន្ន ដែលសកម្មភាពនេះបានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ ពីសារជាតិនៃក្រុមជនក្បត់ជាតិ ដែលតែងតែលោភលន់អំណាច មិនគិតដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងផលប្រយោជន៍សង្គមជាតិឡើយ។
ដូចនេះ ក្នុងនាមកងកម្លាំងនគរបាលអន្តោប្រវេស៍ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ មិនអាចបែរកាណុងប្រឆាំងរដ្ឋាភិបាលស្របច្បាប់បានទេ មានតែបែរកាណុងកំទិច បំផ្លាញពួកក្បត់ជាតិល្មោភអំណាច ដែលហ៊ានឃុបឃិតជាមួយបរទេសមកផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដែលកិច្ចការនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការប្រជុំផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំ ក៏ដូចជានាយកដ្ឋានជំនាញទាំងអស់ឲ្យបានដឹង អំពីឧបាយកល និងសកម្មភាពរបស់ក្រុមក្បត់ជាតិទាំងនេះកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ រួចហើយ។
«ក្នុងនាមជាកងកម្លាំងនគរបាលអន្ដោប្រវេសន៍ គាំទ្រពេញទំហឹងដល់ចំណាត់ការរាជរដ្ឋាភិបាល ដែលកំចាត់ពួកក្បត់ជាតិ បំផ្លាញសន្តិភាពនៅកម្ពុជា»៕