(តាកែវ)៖ អភិបាលរងខេត្តតាកែវ លោក អ៊ូច ភា បានធ្វើការជម្រុញបន្ថែមទៀត ដល់និស្សិតនៅសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ ឲ្យប្រឹងប្រែងរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សដ៏សំខានមួយរបស់ប្រទេសជាពិសេស នៅពេលដែលនិស្សិតមានសមត្ថភាពពិតប្រាកដ និងអាចធ្វើការប្រកួតប្រជែងដណ្ដើមការងារល្អៗ បានធ្វើនៅក្នុងប្រទេសក៏ដូចជានៅក្នុងតំបន់។
ការថ្លែងបែបនេះរបស់អភិបាលរងខេត្ត ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញចូលរួមការតាំងពិពណ៌ការងារ សាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ ដើម្បីបង្ហាញពីសមិទ្ធផលនានា ដែលសាកលវិទ្យាល័យសម្រេចបាន។
លោក ញែម សាមុត នាយកសាខាសកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ បានឲ្យដឹងថា ការបើកសាខាសកលវិទ្យាល័យបៀលប្រាយ នៅក្នុងខេត្តតាកែវ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្ស និស្សិតបន្តការសិក្សានៅកម្រឹតឧត្តមសិក្សា ដោយមិនចាំបាច់ចំណាយថវិកាធ្វើដំណើរទៅសិក្សានៅទីក្រុង ដែលអាចជួយកាត់បន្ថយបន្ទុកចំណាយក្នុងគ្រូសារ និងធានាសុវត្ថិភាពផងដែរ។
បច្ចុប្បន្នមាននិស្សិតប្រមាណជិត៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ ហើយមាននិស្សិតប្រមាណជាង២ពាន់នាក់ ដែលកំពុងតែបន្តការសិក្សា នៅសកលវិទ្យាល័យបៀលប្រាយនេះ។
លោកនាយកសាកលវិទ្យាល័យ បានបញ្ជាក់ថា និស្សិតដែលបានបញ្ចប់កាសិក្សា នៅសកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ បានទទួលការងារធ្វើប្រមាណជាង៨២ភាគរយ សម្រាប់និស្សិតកម្រិតបរិញ្ញាបត្ររង និងជាង៩៤ភាគរយ សម្រាប់និស្សិតកម្រិតបរិញ្ញាប័ត្រ និង១០០ភាគរយ សម្រាប់និស្សិតបរិញ្ញាប័ត្រជាន់ខ្ពស់៕