(កោះកុង)៖ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តកោះកុង ចុះយុទ្ធនាការពិនិត្យ និងព្យាបាលជំងឺជូនកម្មករ កម្មការិនីនៅតាមរោងចក្រ សហគ្រាស ដោយមិនតម្រូវឲ្យបង់ថវិកាឡើយ ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។
ការចុះយុទ្ធការចុះពិនិត្យ និងព្យាបាលជំងឺក្រោមការដឹងនាំដោយ វេជ្ជបណ្ឌិត ភូ លាង អគ្គនាយករងបច្ចេកទេស នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង រួមនឹងក្រុមគ្រូពេទ្យមន្ទីរបង្អែកខេត្តជាច្រើននាក់។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ថា ដោយអនុវត្តន៏តាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងចុះពិនិត្យ និងព្យាបាលជំងឺជូនកម្មករ កម្មការិនី គឺជាការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន កម្មករ កម្មការិនី ទាំងអស់ដែលកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស ដែលនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែក និងការកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅ ក៏ដូចជាការលើកម្ពស់សុខមាលភាពជូនកម្មករ កម្មការិនីដើម្បីទទួលបាននូវសុខភាពរឹងមាំ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានបន្តថា ទន្ទឹមនោះការចុះយុទ្ធការពិនិត្យ និងព្យាបាលជំងឺដោយពុំមានបង់ថ្លៃសេវាឡើយ ហើយការចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូន កម្មករ កម្មការិនីតាមរោងចក្រ សហគ្រាស ក្រុមគ្រូពេទ្យចុះយុទ្ធនាករហូត ដល់១៥ថ្ងៃ ដែលកម្មករ កម្មការិនីជិត៩,០០០នាក់ ដែលមានក្រុមហ៊ុនចំនួន៦ ដែលបងប្អូនកំពុងបម្រើការងារក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង។
លោកបានបញ្ជាក់ថា មិនតែប៉ុណ្ណោះបងប្អូនកម្មករ កម្មការិនីមានបញ្ហាសុខភាព ចូលសម្រាកព្យាបាលនៅក្នុងមណ្ឌលសុខភាពតាមមូលដ្ឋាន មន្ទីរពេទ្យបង្អែក គឺមិនត្រូវឲ្យបង់ថ្លៃសេវានោះទេគឺ ត្រូវបានរដ្ឋជាអ្នករាប់រងបង់ថ្លៃជួសទាំងស្រុង ដូច្នេះសូមបងប្អូនកម្មករ កម្មការិនីអស់កង្វលទៀត៕