(ឧត្តរមានជ័យ)៖ លោកវរៈសេនីយ៍ឯក អឿន ភារ៉ា មេបញ្ជាការ វរៈការពារព្រំដែន៤០២ កំពុងតែត្រូវបានប្រជាពលរដ្ឋ ៤១គ្រួរសាររស់នៅសង្កាត់អូស្មាច់ ក្រុងសំរោងខេត្តឧត្តរមានជ័យ ចោទថា បានប្រើប្រាស់កងកំលាំងយោធាចំនួនពីកងល្បាត រំលោភយកដីស្រែចំការ និងផលដំណាំ របស់ពួកគាត់ចំនួន ១៥០ ហិចតា(មួយរយហាសិបហិចតា) ស្ថិតនៅក្នុងភូមិចំនួនពីរ គឺភូមិ ចំការចេក និងភូមិអភិវឌ្ឍន៍។
ប្រជាពលរដ្ឋបានលើកឡើង នៅក្នុងវេទិកាសាធារណៈថា ពួកគាត់ទាំងអស់គ្នា ត្រូវបានយោធាវរៈការពារព្រំដែន៤០២ចំនួនពីរកងល្បាត គឺកងល្បាតទី១និងកងល្បាតទី៦ បានបិទសិទ្ធសេរីភាព មិនឲ្យពួកគាត់ចូលទៅបង្ករបង្កើនផល និងប្រម៉ូលផលនៅលើដីកម្មសិទ្ធរបស់ខ្លួន ដោយធ្វើការគំរាមចាប់ពួកគាត់ចង និងគំរាមបាញ់សម្លាប់ជាដើម។ ប្រជាពលរដ្ឋរងគ្រោះ បានបន្តរថា ពួកគាត់បានកាន់កាប់ដីស្របច្បាប់ ជាច្រើនឆ្នាំមកហើយ គឺដូរមេបញ្ជារការវរៈការពារព្រំដែន ចំនួនបីជុំនាន់មកហើយ។ មេបញ្ជាការមុនៗ មិនដែលហាមឃាត់ ឬក៏រារាំងពួកគាត់ឡើយ ដោយរស់នៅរួមសុខរួមទុក្ខ ជាមួយគ្នា ពេលចាប់ផ្ដើមដូរមេបញ្ជាការ ដាក់លោកវរៈសេនីយ៍ឯក អឿន ភារ៉ា ក៏ចាប់ផ្ដើមបិទសិទ្ធសេរីភាព មិនឲ្យពួកគាត់ ចូលទៅបង្ករបង្កើនផល និងប្រម៉ូលផលដំណាំ នៅលើដីរបស់ពួកគាត់តែម្ដង។
រហូតមកទល់នឹងពេលនេះ ពួកគាត់ត្រូវបានយោធាបំបិទសិទ្ធ មិនឲ្យបង្កបង្កើផលជិតបីឆ្នាំមកហើយ ធ្វើឲ្យជីវភាពរបស់ពួកគាត់ ជួបនិងវិបាត់ធ្ងន់ធ្ងរ។ យ៉ាងណាមិញ
នៅរសៀលថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៧នេះ លោក សរ ថាវី អភិបាលខេត្តឧត្តរមានជ័យ បានបើកវេទការសារធារណៈមួយ ដើម្បីបើកឲ្យពលរដ្ឋ ដែលពាក់ព័ន្ធ មានការសួរដេញដោល ចំពោះបញ្ហោទាំងអស់ខាងលើនេះ។ ដោយលោកមិនអាចសម្រេច ទៅលើបញ្ហាទាំងអស់នេះទេ។ លោកអភិបាលខេត្តសង្កត់ធ្ងន់ថា វាជាតំបន់ឈរជើង របស់កងកំលាំងយោធា ដែលជាវិស័យការពារជាតិ ការពារបូរណភាពទឹកដី។ រីឯប្រជាពលរដ្ឋក៏លោកមិនចោលដែរ លោកនឹងខិតខំប្រឹងប្រែង រកដំណោះស្រាយជូនដល់ពួកគាត់ ហើយសំណើរបស់ពលរដ្ឋ លោកនិងធ្វើសំណើរឬ ក៏ពិភាក្សាបន្តឆ្លងយោបល់ ជូនដល់ថ្នាក់ដឹកនាំខាងលើសិន។
យ៉ាងណាមិញ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចទំនាក់ទំនង ទៅកាន់លោកវរៈសេនីយ៍ឯក អឿន ភារ៉ា មេបញ្ជាការ វរៈការពារព្រំដែន៤០២ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាងលើនេះ បានទេ៕