(ព្រៃវែង)៖ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៧ លោក យក់ ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល រួមជាមួយអជ្ញាធរដែនដី មាតាបិតា អាណាព្យាបាលបងប្អូន ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សប្រហែល៥០០នាក់ បានចូលរួមក្នុងកម្មវិធី កែលំអរស្រះទឹក ប្រកបដោយបរិស្ថានល្អ នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែនឧត្តមសមាគម ស្ថិតនៅភូមិឧត្តម ឃុំព្រែកខ្សាយ «ក» ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលជាផ្នែកមួយនៃការងារសង្គម របស់កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ ក្រុមសម្ភុបុរៈ វេនរសៀល ឆ្នាំ២០១៧។

កែលំអរស្រះទឹក ប្រកបដោយបរិស្ថានល្អ នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែនឧត្តមសមាគមនេះ ផ្តួចផ្តើមឡើងក្នុងគោលបំណង រួមចំណែកជួយដល់សហគមន៍ ដូចជាការចូលរួមក្នុងការកែលំអស្រះទឹក ឲ្យមានបរិស្ថានល្អ ជាប្រយោជន៍ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងសហគមន៍ទាំងមូល ក្នុងនោះសាលាភូមិន្ទរដ្ឋបាល ក៍បានចូលជាថវិកា ៥,០០០ ដុល្លារក្នុងការរៀបចំស្តា និងការរៀបចំបរិស្ថានស្រះផងដែរ។ 

លោក យក់ ប៊ុណ្ណា ក៍បានថ្លែងអំណរគុណចំពោះកម្មសិក្សាការីទាំងពីរថ្នាក់នេះ ដែលបានសម្រចចិត្តក្នុងការជួយ ដល់គម្រោងធ្វើអោយមានប្រសើរឡើង នៅបរិស្ថានក្នុងសាលារៀន ដែលជាផ្នែកមួយនៃការងារសង្គម ហើយពលរដ្ឋទាំងអស់គ្នាក៍អាចចូលរួម យ៉ាងសកម្មទាំងអស់គ្នា ដើម្បីជាប្រយោជន៍សម្រាប់សង្គម។  ហើយកិច្ចការសង្គមនេះ ក៍មិនមែនជាការងារដែលធ្វើមួយថ្ងៃចប់ដែរ ដែលយើងត្រូវប្រឹងប្រែងធ្វើទាំងអស់គ្នា។

ថ្ងៃនេះ ក៍មានការចូលរួមពីកម្មសិក្សាការីជាន់ខ្ពស់ថ្នាក់ចតុមុខ វេនរសៀល ឆ្នាំ២០១៧ ដើម្បីធ្វើការសិក្សាពីគម្រោង ក្នុងការជួយដល់សាលាផងដែរ ដែលក្នុងនោះក្រុមនឹងចូលរួមក្នុងការធ្វើផ្លូវចូលសាលា និងការការចូលរួមជួយធ្វើអោយបណ្ណាល័យសាលានេះ ក្លាយជាបណ្ណាល័យមួយ ដែលត្រឹមត្រូវតាមបទដ្ឋានអប់រំ។  

នេះជាកម្មវិធីធំទី២ របស់ក្រុមសម្ភុបុរៈរសៀល បន្ទាប់ពីការងារសង្គម សំអាតអនាម័យតាមឆ្នេរអូឈើទាល និង ការដាំកូនឈើនៅក្បាលឆាយ ដែលទើបនឹងបញ្ចប់ទៅនៅថ្ងៃ ០៧-០៨ ខែតុលា ឆ្នាំ២០១៧ នៅខេត្តព្រះសីហនុប្រកបដោយជោគជ័យ ក្រោមការចូលរួមពី អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន និងមន្រ្តីជំនាញជាច្រើន។

គំនិតនៃការរួមចំណែកជួយដល់សង្គមនេះធ្វើឡើងស្របតាមកម្មវិធី របស់សាលាភូមិន្ទរដ្ឋបាល ដែលលើកទឹកចិត្ត កម្មសិក្សាការីទំាងអស់ ត្រូវចេះផ្តួចផ្តើមគំនិតនឹងធ្វើខ្លួនជាគម្រូចំពោះការងារស្ម័គ្រចិត្ត ក្នុងនាមជាមន្រ្តីដែលត្រូវរួមចំណែកជួយ បម្រើពលរដ្ឋនៅតាមសហគមន៍ ឲ្យបន្តការរីកចម្រើនតាមលទ្ឋភាព ដែលអាចធ្វើទៅបាន។

ការរួមចំណែក និងសាងនូវសមិទ្ឋផលនានានឹងមិនអាចកើតឡើងទេ បើគ្មានការតាំងចិត្ត ឯកភាព សាមគ្គីភាព និងការចូលរួមជាថវិការពីកម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ផ្នែកសម្ភុបុរៈវេនរសៀលឆ្នាំ២០១៧ ក៍ដូចជាការគាំទ្រ និងលើកទឹកចិត្តពីគណៈគ្រប់គ្រង សាលាភូមិន្ទរដ្ឋបាល លោកគ្រូ អ្នកគ្រូ សម្របសម្រួលជាបន្តបន្ទាប់រហូតមក។

ទោះបីជារយៈពេល៤ខែនេះ កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់យើង បានចូលរួមបង្កើតនូវសមិទ្ឋផលនានាជាច្រើន ក៍យើងនៅតែប្តេជ្ញាចិត្ត នឹងបន្តការងារសង្គមនេះទៅតាមលទ្ឋភាព សមត្ថភាព ធនធានដែលខ្លួនមាន ដើម្បីជាប្រយោជន៍ដល់គ្រួសារ សហគមន៍និងប្រទេសជាតិទាំងមូល។ យើងយល់ថា មានតែការចូលរួមប្រកបដោយការទទួលខុសត្រូវ ទើបសង្គមបន្តរីកចម្រើន ប្រកបដោយនិរន្តន៍ភាព៕