(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានប្រកាសប្រឆាំងដាច់ខាតចំពោះជនទាំងឡាយ ដែលព្យាយាមមកបំផ្លិចបំផ្លាញជាតិ និងសន្តិភាពរបស់ ប្រទេសកម្ពុជា។ ដោយព្រះអង្គមានព្រះបន្ទូលថា «ខ្ញុំយល់ថា កឹម សុខា ជាមនុស្សក្បត់ជាតិហើយ ទើបខ្ញុំនិងគណបក្សហ្វ៊ុនស៊ិនប៉ិចសម្រេចប្តឹង»។

ការអះអាងជាមួយព្រះបន្ទូលខាងលើនេះ បានធ្វើឡើងនៅក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅឯព្រះរាជដំណាក់សម្តេចក្រុមព្រះ នាបុរីទន្លេបាសាក់ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងស្ថានភាពនយោបាយនៅកម្ពុជា។

នៅក្នុងកិច្ចសម្ភាសនោះ សម្តេចក្រុមព្រះបានថ្លែងការពារបណ្តឹងរបស់ទ្រង់ ដែលបានប្តឹងឱ្យរំលាយ គណបក្សសង្រ្គោះជាតិ ហើយចាត់ទុកថាទង្វើរបស់លោក កឹម សុខា និងគណបក្សសង្រ្គោះជាតិ ខុសពីព្រះរាជបំណងសម្តេចតា ហើយអាចនាំឱ្យកម្ពុជាជួបគ្រោះថ្នាក់ជាថ្មី។ ជាមួយនឹងការលើកឡើងបែបនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានប្រកាសប្រឆាំងដាច់ខាតចំពោះបរទេស និងជនទាំងឡាយ ដែលចង់មកបំផ្លាញជាតិកម្ពុជា។

សម្តេចក្រុមព្រះបានមានព្រះបន្ទូលយ៉ាងដូច្នេះថា៖ «ខ្ញុំឱ្យតែនរណាមកបំផ្លាញជាតិកម្ពុជា ខ្ញុំប្រឆាំងដាច់ខាត។ រឿងជាង៤០កៅអីនេះ ខ្ញុំមិនដែលបានគិតទេ ប៉ុន្តែជាកាតព្វកិច្ចរបស់យើងខ្ញុំទាំងអស់គ្នា គឺយើងត្រូវតែប្តឹង, បើយើងទាំងអស់គ្នាមិនយល់ថាលោក កឹម សុខា អត់ក្បត់ជាតិ យើងអត់ប្តឹងទេ ដោយសារប្តឹង ដោយយើងទាំងអស់គ្នាយល់ថាលោក កឹម សុខា ជាជនក្បត់ជាតិ ហើយគាត់ប្រឆាំងនឹងខ្លួនគាត់ជាតំណាងរាស្រ្ត និងប្រឆាំងជាមួយមាត្រាថ្មីនៃច្បាប់»

សូមបញ្ជាក់ថា គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាម្ចាស់បណ្តឹងមួយ ក្នុងចំណោមគណបក្ស២ ដែលបានដាក់ពាក្យប្តឹងក្រសួងមហាផ្ទៃ ស្នើឱ្យរំលាយគណបក្សសង្រ្គោះជាតិ ដោយចោទថា គណបក្សប្រឆាំងនេះ បានឃុបឃិតជាមួយបរទេស ក្បត់ជាតិរបស់កម្ពុជា។ ក្រោយទទួលពាក្យបណ្តឹងពីគណបក្សទាំងនេះ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ ក៏បានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការកំពូល ដើម្បីប្តឹងស្នើសុំរំលាយគណបក្សសង្រ្គោះជាតិតែម្តង។

កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ តុលាការកំពូល បានចេញដីកាបង្គាប់ទៅគណបក្សសង្គ្រោះជាតិ ឲ្យដាក់ឯកសារត្រៀម ដើម្បីឆ្លើយតប ទៅនឹងពាក្យបណ្ដឹង របស់ក្រសួងមហាផ្ទៃ ក្នុងអំឡុងពេល២០ថ្ងៃ។

ក្នុងករណីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយច្បាប់មែននោះ អាសនៈចំនួន៥៥របស់គណបក្សនេះនៅក្នុងរដ្ឋសភា នឹងត្រូវបែងចែកទៅឱ្យគណបក្ស៥ផ្សេងទៀត ដែលបានចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត កាលពីឆ្នាំ២០១៣ ក្នុងនោះគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានគេគណនាថា នឹងទទួលបាន៤១អសនៈ បានការរំលាយគណបក្សប្រឆាំងនេះ៕