(តាកែវ)៖ ប្រជាពលរដ្ឋរស់នៅឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ បានសម្ដែងនូវការអបអរសាទរយ៉ាងខ្លាំង ក្រោយទទួលបានប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសមិទ្ធផលជាច្រើន សម្រាប់បម្រើសេវាសាធារណៈក្នុងមូលដ្ឋានរបស់ខ្លួន ក្រោមការឧបត្ថម្ភសាងសង់ការស្វែងរកដៃគូជំនួយ ព្រមជាមួយការជួយជ្រោមជ្រែង ពីគណៈពង្រឹងមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា។

ការជួយឧបត្ថម្ភកសាងសមិទ្ធផលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំពោធិ៍រំចាកនេះ នៅតែបន្តធ្វើយ៉ាងយកចិត្តទុកដាក់ជារើយៗ ជាក់ស្ដែងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងសហប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកព្រៃកប្បាស បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយលោកតាលោកយាយ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ ១១៩៧នាក់ នៅក្នុងវត្តបារមីគោត្តម ស្ថិតនៅភូមិគោកអង្គង់ ឃុំពោធិ៍រំចាក ស្រុកព្រៃសកប្បាស ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨។

លោក ពេជ សោភ័ន បានលើកឡើងពីគោលនយោបាយក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺធានាឲ្យមានការអប់រំគុណភាពប្រកបដោយសមធម៌បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។

លោករដ្ឋលេខាធិការ បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋក្នុងឃុំពោធិ៍រំចាកថា ថ្នាក់ដឹកនាំក្រសួងការងារ និងគណៈពង្រឹងមូលដ្ឋានបានសាងសង់បន្ទប់ទឹក និងតប្រព័ន្ធទឹកស្អាតរួចរាល់ជូនសាលារៀន បានជីកអណ្ដូងទឹកនៅតាមភូមិទាំង១១ ក្នុងឃុំពោធិ៍រំចាក បានជួសជុលពង្រីផ្លូវក្រាលគ្រួសក្រហម និងកំពុងសិក្សាជួសជុលពង្រីកផ្លូវក្រាលគ្រួសក្រហមជាច្រើនខ្សែ ជាច្រើនពាន់ម៉ែត្រ។ ក្រៅពីនេះមានមណ្ឌលសុខភាពគោកបញ្ចាប ក្នុងនោះបានឧបត្ថម្ភថ្នាំពេទ្យ និងសម្ភារតាមតម្រូវការជាក់ស្ដែង ឧបត្ថម្ភលោកគ្រូ និងអ្នកគ្រូពេទ្យ បង់ថ្លៃទឹក និងថ្លៃអគ្គិសនីជូនមណ្ឌលសុខភាព។​ ចាប់ពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៦ បានផ្ដល់អាហារូបករណ៍ជូនសិស្សានុសិស្សក្នុងឃុំពោធិ៍រំចាកសរុបចំនួន ១៥៥នាក់ គិតជាថវិកាប្រមាណ ១៥៥,០០០ដុល្លារអាមេរិក។ បានឧបត្ថម្ភប៉ុស្ដិ៍នគរបាលឃុំពោធិ៍រំចាក នូវថវិកាចំនួន ១,២០០,០០០រៀល រយៈពេល២ខែ ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់ការងាររក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងឃុំ។ ជារួម ថវិកាសរុបទាំងអស់បូករួមទាំងការចូលរួមពីដៃគូអភិវឌ្ឍន៍ក្នុងការកសាងសមិទ្ធផលក្នុងភូមិ គឺមានចំនួនសរុប «២,៧១៥,០៣២,០០០រៀល ស្មើប្រមាណ ៦៧៨,៧៥៨ដុល្លារអាមេរិក»

លោក ពេជ សោភ័ន បានផ្ដាំផ្ញើដល់អាជ្ញាធរ ក៏ដូចជាលោកគ្រូ-អ្នកគ្រូឲ្យបន្តអភិវឌ្ឍន៍វិស័យចំណេះដឹងទូទៅ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជំរុញការចុះឈ្មោះចូលរៀនឲ្យបានច្រើន បន្តលើកកម្ពស់ការបន្តសិក្សាចំណេះដឹងទូទៅដល់កម្រិតមធ្យមសិក្សាបឋមភូមិ (ថ្នាក់អនុវិទ្យាល័យ) ផ្សព្វផ្សាយអំពីឱកាសបន្តការសិក្សា និងបង្កើនជំនាញបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ លោកបានជំរុញឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវរួសរាន់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានមុនថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ចំពោះសេវារដ្ឋបាលសាធារណៈវិញ លោករដ្ឋលេខាធិការ ពេជ សោភ័ន បានផ្ដាំផ្ញើឲ្យក្រុមប្រឹក្សាឃុំដែលជាប់ឆ្នោត ត្រូវបន្តប្រឹងប្រែងផ្ដល់សេវារដ្ឋបាលសាធារណៈចាំបាច់នានា ជូនប្រជាពលរដ្ឋឲ្យបានដិតដល់ជាទីបំផុត។ ត្រូវធានាសន្តិសុខ សណ្ដាប់ធ្នាបសាធារណៈ និងសុវត្ថិភាពជូនប្រជាលរដ្ឋក្នុងឃុំឲ្យបានម៉ឺងម៉ាត់។

ជាមួយនឹងការរាយការណ៍អំពីសភាពការណ៍ប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពពេញលេញ មានការរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល លោក ពេជ សោភ័ន បានពន្យល់ប្រាប់ប្រជាពលរដ្ឋពីការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ព្រោះដោយសារមេបក្សប្រឆាំងមួយនេះ បានឃុបឃិតជាមួយបរទេស រៀបចំផែនការក្បត់ជាតិ ធ្វើបដិវត្តន៍ពណ៌ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បំផ្លាញសន្តិភាពដែលខំរកដោយលំបាក ហើយសកម្មភាពទាំងនោះ គឺមានជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិទាំងមូល ទើបក្រសួងមហាផ្ទៃបានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូល ប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ។

ជាមួយគ្នានោះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាសន្តិភាព ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើន តាមរយៈការចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០១៨ ខាងមុខ ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនជឿនលឿនទៅមុខ អមជាមួយសន្តិភាពពេញផ្ទៃប្រទេស។

មិនតែប៉ុណ្ណោះ លោក ពេជ សោភ័ន បានចែកជូននូវរបស់កំដដៃមួយចំនួនជូនដល់លោកតា​លោកយាយ លោកគ្រូអ្នកគ្រូ កងកម្លាំងការពារសន្តិសុខ ប្រជាពលរដ្ឋពលរដ្ឋដែលជាអាណណាព្យាបាល និងផ្ដល់ជូនសម្ភារសិក្សាជូនដល់សិស្សានុសិស្ស ឧបត្ថម្ភរទេះរុញ និងគ្រែសម្រាកព្យាបាលដល់មណ្ឌលសុខភាព ឃុំពោធិ៍រំចាកផងដែរ៕