(ភ្នំពេញ)៖ ស្រ្តីបំរើតាមផ្ទះ និងជាអ្នកមើលថែក្មេងម្នាក់ បានធ្វើឲ្យខូចកិត្តិយសដល់ស្រ្តីផ្សេងៗទៀត បន្ទាប់ពីរងការចោទប្រកាន់ ពីសំណាក់ម្ចាស់ផ្ទះ ដែលជាជនរងគ្រោះ ថាបានបោសប្រាសប្រាក់ ខ្ទង់ពាន់ដុល្លារ យកទៅបាត់ ហើយបន្តរត់គេចខ្លួនបាត់ស្រមោល ក្រោយពីខ្លួនបានប្រព្រឹត្តិ អំពើឆបោករួច។
យោយតាមប្រភពព័ត៌មាន ពីស្រ្តីរងគ្រោះជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ Fresh News ឲ្យដឹងថា ស្ត្រីឆបោកខាងលើមានឈ្មោះ ស៊ុន នឹង អាយុ៣៤ ឆ្នាំ មានស្រុកកំណើតរស់នៅក្នុងភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត មានមុខរបរជាអ្នកបំរើតាមផ្ទះ និងមើលថែក្មេង។ ស្រ្តីរងគ្រោះឈ្មោះ គិត សុខលី បានអះអាងទៀតថា ដោយក្ដីអាណិតស្រឡាញ់ រូបអ្នកស្រីក៏បានទទួលយកស្រ្តីម្នាក់នោះ (ស៊ុន នឹង) ឲ្យមកធ្វើការក្នុងផ្ទះ និងមើលថែកូនរបស់អ្នកស្រី ដោយទំនុកចិត្ត ព្រោះគិតថា ជាអ្នកធ្លាប់ស្គាល់ និងរាប់អានគ្នាពីមុនមក។
ម្ចាស់ផ្ទះរងគ្រោះ បានបន្តទាំងក្ដីហួសចិត្តទៀតថា ស្រ្តីឆបោក បានកុហកគាត់ជាច្រើនលើកច្រើនសារ ដើម្បីឲ្យអ្នកស្រីជាម្ចាស់ផ្ទះ ផ្ដល់លុយជាហូរហែ ដោះស្រាយបញ្ហាគ្រួសារ នៅស្រុកកំណើត។ ក្នុងនោះស្រ្តីឆបោកតែងតែកុហកថា ខ្លួនមានបញ្ហាជាមួយប្ដី (លែងលះគ្នា), ចោរប្លន់ក្នុងផ្ទះនៅស្រុកកំណើត, កុហកថាកូនឈឺធ្ងន់, គ្រោះថ្នាក់ចរាចរ និងរហូតហ៊ានកុហកថា កូនរបស់ខ្លួនស្លាប់ទៀតផង។ ក្នុងនោះពេលប្រើល្បិចកុហកម្ដងៗ សុទ្ធតែយំសោកបោកខ្លួន ដើម្បីឲ្យអ្នកស្រីអាណិតអាសូរ ហើយបានលុយពីអ្នកស្រី យកទៅដោះស្រាយបញ្ហាគ្រួសារ។
អ្នកស្រីជាម្ចាស់ផ្ទះរងគ្រោះ បានថ្លែងទាំងហួសចិត្ត បន្ថែមទៀតថា តាមការពិតរឿងរ៉ាវទាំងនោះ ពុំបានកើតឡើងតាមអ្វីដែលស្រ្តី ឈ្មោះ ស៊ុន នឹង រៀបរាប់ប្រាប់នោះទេ ព្រោះអ្នកស្រីបានតាមទាន់ ជាន់កែង ឃើញនឹងភ្នែកច្បាស់។ អ្វីដែលនឹងស្មានមិនដល់មួយទៀតនោះ គឺរាល់ពេលដែលអ្នកស្រីឲ្យស្រ្តីឆបោក ទៅយកចៅចេញពីសាលាម្ដងៗ គឺស្រ្តីឆបោកម្នាក់នោះ បានដាក់ថ្នាំងងុយដេក លាយជាមួយទឹក ឬទឹក្រូចឲ្យចៅអ្នកស្រីផឹក ស្ទើរតែរាល់ថ្ងៃ ធ្វើឲ្យអ្នកស្រីមានការសង្ស័យយ៉ាងខ្លាំង ក៏សួរនាំ ទើបបែកធ្លាយតែម្ដង។
យ៉ាងណាមិញ បន្ទាប់ពីផ្ទុះរឿងរ៉ាវនេះឡើង ស្រ្តីឆបោកឈ្មោះ ស៊ុន នឹង បានដឹងខ្លួនទាន់ ក៏បានរត់គេចខ្លួនបាត់ស្រមោល រហូតមកដល់សព្វថ្ងៃ សូម្បីតែអ្នកស្រីទៅតាមរក ដល់ស្រុកកំណើត ក៏មិនឃើញនោះដែរ។ អ្នកស្រី គិត សុខលី សុំធ្វើការអំពាវនាវ ដល់បងប្អូនទាំងអស់ឲ្យប្រុសប្រយ័ត្ន ចំពោះបុគ្គលខាងលើនេះ ប្រសិនបើជួប ឬក៏ទទួលយកធ្វើការនៅកន្លែងណាមួយ ព្រោះរូបអ្នកស្រីផ្ទាល់បានចាញ់បោកអស់ប្រាក់ ជាក់ស្ដែងរួចទៅហើយ។
ទោះបីជាយ៉ាងណា Fresh News មិនអាចស្វះស្វែងរកឈ្មោះ ស៊ុន នឹង ដែលរងការចោទប្រកាន់ខាងលើនេះ ដើម្បីធ្វើការបកស្រាយបាននៅឡើយទេ ខណៈដែលប្រព័ន្ធទូរស័ព្ទ ដែលធ្លាប់ប្រើកន្លងមក ត្រូវបានបិទ ហើយក៏មិនដឹងថា ស្រ្តីម្នាក់នោះរស់នៅកន្លែងណាដែរ នៅពេលនេះ៕