(ភ្នំពេញ)៖ កងកម្លាំងនគរបាលជាតិសូមថ្កោលទោសយ៉ាងដាច់អហង្កាទៅ នឹងសម្តីជនក្បត់ជាតិ សម រង្ស៊ី ដែលញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរាជរដ្ឋាភិបាល ដែលបានប្រកាសតាម «ឃ្លីបវិដេអូមួយទៀត កាលពីថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០១១ បានអំពាវនាវឱ្យមានការបះបោរប្រឆាំង នឹងរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយអំពាវនាវ ឱ្យកងកម្លាំងប្រដាប់អាវុធបង្វែរកាណុង មកកាន់រដ្ឋាភិបាលកម្ពុជា ដែលនេះ ជាអំពើក្បត់ជាតិសុទ្ធសាធ ហើយការអំពាវនាវនេះគឺផ្សារភ្ជាប់ទៅនឹងការលើកឡើងរបស់លោក កឹម សុខា នៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិកផងដែរ។ វាជាវិដេអូចាស់ប៉ុន្តែវាគឺបានផ្សារភ្ជាប់មកដល់បច្ចុប្បន្ន ដែលសកម្មភាពនេះបានឆ្លុះបញ្ចាំងអោយឃើញច្បាស់ ពីសារជាតិនៃក្រុមជនក្បត់ជាតិ តែងតែលោភលន់អំណាច មិនគិតដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងផលប្រយោជន៏សង្គមជាតិឡើយ។
ឆ្លើយតបទៅនឹងឧបាយកលដ៏ពិសពុលនេះ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ថ្មីៗនេះ អគ្គស្នងការនគរបាលជាតិ បានធ្វើការប្រកាសផ្សព្វផ្សាយជូនដល់គ្រប់ស្នងការរាជធានី ខេត្ត និងនាយកដ្ឋានជំនាញទាំងអស់អោយបានដឹង អំពីឧបាយកល សកម្មភាពរបស់ក្រុមក្បត់ជាតិ ជាពិសេសសំដីញុះញង់របស់ សម រង្សី អុជអាលកងកម្លាំងប្រដាប់អាវុធ អោយ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ដូច្នេះកងកម្លាំងនគរបាលជាតិ ដែលជាកងកម្លាំងមានកាតព្វកិច្ចថែរក្សាខឿនសន្តិសុខជាតិនិងធានាសណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម សូមប្តេជ្ញាការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ មិនអោយឲ្យក្រុមពួកបំផ្លិចបំផ្លាញជាតិ និងក្បត់ជាតិទាំងនោះ មកធ្វើឡើងនៅលើទឹកដីកម្ពុជាជាដាច់ខាត។ ក្នុងនាមកងកម្លាំងនគរបាលជាតិ គាំទ្រពេញទំហឹងដល់ចំណាត់ការរាជរដ្ឋាភិបាល ដែលកំចាត់ពួកក្បត់ជាតិ បំផ្លាញសន្តិភាពនៅកម្ពុជា»៕