(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីសម្លេងសន្ទនាប្រមាថព្រះចេស្តាដ៏ធ្ងន់ធ្ងរជាទីបំផុតចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ និងជេរប្រមាថ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានបែកធ្លាយនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ដោយនៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយម នឹងដាក់ពាក្យប្តឹងលោក លឺ ឡាយស្រេង ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ និងជេរប្រមាថសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បានថ្លែងប្រាប់បណ្តាញព័ត៌មានម Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំបានទទួលបានព័ត៌មានរួចហើយ គាត់(លឺ ឡាយស្រេង) បានប្រមាថព្រះចេស្តាព្រះករុណាហើយ គាត់ជេរទាំងសម្តេចក្រុមព្រះទៅទៀត ដូច្នេះខ្ញុំសូមជំរាបជូនទី១ សម្តេចក្រុមព្រះលោកបាននាំមកនូវសន្តិភាពជូនប្រជាពលរដ្ឋ១៩៩៣ ហើយលោកមាន តួនាទីមើលថែរក្សាស្ថានភាពនយោបាយ។ ដោយឡែកគណបក្សហ៊្វុនស៊ិនប៉ិច ជាគណបក្សរាជានិយម, ជេរលោកជារឿងមួយ ប៉ុន្តែប្រមាថព្រះចេស្តាលើព្រះករុណា យើងតំណាងឲ្យរាជានិយម ហើយនៅក្នុងរដ្ឋធម្មនុញ្ញបានចែងច្បាស់ទៀត មិនឲ្យប៉ះពាល់ដល់ព្រះចេស្តា ព្រះនាមរបស់ព្រះករុណា ហើយខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់ យើងកំពុងប្រជុំគ្នាថ្នាក់ដឹកនាំ យើងនឹងរៀបចំពាក្យ បណ្តឹងមួយ ហើយយើងក៏បានទាក់ទងទៅខាងមេធាវី ដើម្បីប្តឹងលោកតា លឺ ឡាយស្រេង ដែលបានប្រមាថព្រះចេស្តាព្រះករុណា និងប្រមាថសម្តេចក្រុមព្រះ ដូច្នេះយើងនឹងមានវិធានការភ្លាមៗ»។
ការប្រកាសប្តឹងលោក លឺ ឡាយស្រេង ភ្លាមៗនេះធ្វើឡើងបន្ទាប់ពីសម្លេងសន្ទនារបស់លោក លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិច ជាមួយលោកស្រី គី លំអង អតីតតំណាងរាស្រ្តគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានរយៈប្រមាណជាង៤នាទី ត្រូវបាន Facebook ជំនាញខាងទម្លាយរឿងអាស្រូវរបស់អ្នកនយោបាយឈ្មោះ សីហា បង្ហោះនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ។
នៅក្នុងឃ្លីបសម្លេងនេះ, លោក លឺ ឡាយស្រេង និយាយឆ្លងឆ្លើយជាមួយលោកស្រី គី លំអង យ៉ាងដូច្នេះថា៖