(កណ្ដាល)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ បានប្រកាសថ្កោលទោស ចំពោះសម្ដី សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នកំពុងរត់គេចខ្លួន នៅជ្រកកោននៅបរទេស ដែលបានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកការរីកចម្រើន ឥតឈប់ឈរ មានការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ មានស្ថិរភាព និងសុខសន្តិភាពបរិបូរណ៍ពេញផ្ទៃប្រទេស ដូចនេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរត្រូវរួមគ្នា បន្តថែរក្សាតម្លៃនៃសុខសន្តិភាពនេះ ឲ្យបានគង់វង្ស និងរួមគ្នាអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើនប្រសើរឡើងថែមទៀត។
ការប្រកាសបែបនេះ របស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ធ្វើឡើងក្នុងឱកាសជួបសំណេះសំណល ជាមួយប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិត១ពាន់នាក់ ដែលក្នុងនោះនាយឧត្តមសេនីយ៍ និងលោកស្រី បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកតា យាយជី មន្ត្រីរាជការអជ្ញាធរដែនដី ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និងកងកម្លាំងមានសមត្ថកិច្ចផងដែរ។
នៅព្រឹកថ្ងៃដដែលនេះ លោក ហង្ស សារ៉ាវុធ និងលោកស្រី ព្រមទាំងលោក អ៊ុង សិរីគុត្ត និងលោកស្រី តំណាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង រួមជាមួយពុទ្ធបរិស័ទ ដង្ហែរអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាសនៅវត្តកែវឧត្តម ស្ថិតក្នុងឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ហើយក៏បានប្រគេនបច្ច័យចំនួន១៦៤លានរៀល ដល់វត្តកែវឧត្តម បន្តការកសាងសមទ្ធិផលនានា នៅក្នុងវត្តឲ្យកាន់រីកចម្រើន៕