(កំពង់ឆ្នាំង)៖ ក្រោយចេញពន្ធនាគារនៅខេត្តកំពង់ធំមិនបានប៉ុន្មានផងនោះ ឈ្នួញឈើឈ្មោះ ឃ្វៀង ធីម៉ាយ ហៅយាយម៉ាយ ជនជាតិវៀតណាម ដែលល្បីល្បាញនៅតំបន់អន្លង់វែង ខេត្តឧត្តរមានជ័យ បានបន្ដសកម្មភាពរកស៊ីដឹកឈើក្រញូងយ៉ាងគឃ្លើនបន្ថែមទៀត ប៉ុន្ដែនៅយប់ទាបភ្លឺថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង តាមបង្ក្រាបបានឈើក្រញូងមួយរថយន្ដ Luxes ខណៈដែល២គ្រឿងទៀត បើករត់គេចបាត់ស្រមោល។
មន្ដ្រីរដ្ឋបាលព្រៃឈើ បានលួចបង្ហើបថា ម្ចាស់ឈើជាឈ្នូលដែលល្បីឈ្មោះ ឃ្វៀង ធីម៉ាយ ហើយប្រតិបត្តិនៅយប់មិញនេះ ត្រូវបានធ្វើឡើងនៅចំណុចភូមិព្រៃពិស ឃុំជ្រែស ស្រុកកំពង់ត្រឡាច ដោយចាប់បានរថយន្ដមួយគ្រឿង ម៉ាក Luxes ពាក់ស្លាកលេខភ្នំពេញ2Q-5747 ដោយមានកម្លាំងរដ្ឋបាលព្រៃឈើខណ្ឌ សហការជាមួយកម្លាំងផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច ហើយក្នុងនោះដកហូតបាន ឈើក្រញូងចំនួន១៥២ដុំ។
បើតាមមន្ដ្រីមូលដ្ឋាន រថយន្ដរបស់ឈ្នួញឈើល្បីមួយនេះ ចេញពីមកពីស្រុកអន្លង់វែង បន្តទៅទីរួមខេត្តឧត្តរមានជ័យ ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ចូលមកខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥ បម្រុងឆ្ពោះទៅខេត្តស្វាយរៀង នាំចេញទៅលក់នៅប្រទេសវៀតណាម ដែលរថយន្ដនោះមានចំនួន៣គ្រឿង ប៉ុន្ដែមកដល់ចំណុចខាងលើ កម្លាំងសមត្ថកិច្ចចម្រុះដេញចាប់បានមួយគ្រឿង ខណៈ២គ្រឿងផ្សេងទៀតបានរត់គេចខ្លួនបាត់។
ក្រោយបង្ក្រាបបានឈើដែលមាននៅក្នុងរថយន្ដនោះ ត្រូវបានរក្សាទុកនៅរដ្ឋបាលព្រៃឈើកំពង់ត្រឡាច ដោយឡែករថយន្ដត្រូវបានបញ្ជូនការិយាល័យរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមច្បាប់។
សូមរំលឹកថា ក្លោងជួញដូរឈើជនជាតិវៀតណាមដ៏ល្បីឈ្មោះ នៅតាមខេត្តជាប់ព្រំដែនឈ្មោះ ឃ្វៀង ធីម៉ាយ ហៅយាយម៉ាយ រួមជាមួយតៃកុងឡានម្នាក់ ត្រូវបានតុលាការខេត្តកំពង់ធំ បង្ក្រាបបាននាពេលកន្លងទៅហើយបានសម្រេចឃុំខ្លួន ពាក់ព័ន្ធបទល្មើសព្រៃឈើ ពីបទប្រើប្រាស់រថយន្ដអត់ពន្ធ និងប្រើប្រាស់ស្លាកលេខក្លែងក្លាយ។
ប៉ុន្ដែក្រោយជាប់ពន្ធនាគារបានប៉ុន្មានខែនោះ ឈ្នូញឈើល្បីល្បាញមួយនេះ បានចេញពីពន្ធនាគារវិញ ហើយក៏នៅតែបន្ដរកស៊ីរបរខុសច្បាប់ដដែល រួចក៏ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានរថយន្ដមួយគ្រឿងនៅយប់មិញនេះ។
បើតាមសមត្ថកិច្ចខ្លះ យាយម៉ាយ គឺជនជាប់ពាក់ព័ន្ធ និងបទល្មើសព្រៃឈើយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនធំ ប្រឈមការបាញ់ សម្លាប់ពីទាហានថៃ ខណៈក្រុមយាយម៉ាយ ចំណាយលុយកេណ្ឌប្រមូលពួកគាត់ឡើងភ្នំចូលកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ ហើយយាយម៉ាយចំណាយ លុយបង់ឲ្យសមត្ថកិច្ច អាជ្ញាធរ និងជំនាញរដ្ឋបាលព្រៃឈើ រហូតដល់បុគ្គលនេះបញ្ចេញសកម្មភាព រកស៊ីឈើគ្រញូង ជាចំហលើទឹកដីខេត្តឧត្តរមានជ័យតែម្តង៕