(ភ្នំពេញ)៖ លោកស្រី ថុង ណាត់ស្យា អគ្គនាយិការងក្រុមហ៊ុន CAMOASIS Co.,Ltd និងជាតំណាងម្ចាស់ហាង Amazon បានបញ្ជាក់ឲ្យដឹងថា ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនរបស់ខ្លួន បានសម្ពោធជាផ្លុវការ ហាងកាហ្វេ Amazon សាខាទី៣ ដែលមានទីតាំងស្ថិតនៅ អាគារកប៉ាល់ កែងនឹងផ្លូវ៦០៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកស្រី ថុង ណាត់ស្យា បញ្ជាក់ថា ការបើកសាខាទី៣នេះ ធ្វើឡើងក្រោយពីទទួលបានការគាំទ្រខ្លាំង ពីអតិថិជននៅហាងកាហ្វេ Amazon សាខាសុវណ្ណា ដែលបានបើកដំណើរការ កាលពីថ្ងៃទី០២ ខែកក្កដា កន្លងមកនេះ និងក្រោយពីការបើកហាងកាហ្វេ Amazon សាខាទី៥៥ គឺសាខា៣៦០ កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧កន្លងមកនេះ។ ក្រោយជោគជ័យ នឹកស្មានមិនដល់នេះ ក្រុមហ៊ុ CAMOASIS គ្រោងបើកសាខាទី៤ និងទី៥ នៅពេលឆាប់ៗខាងមុខនេះ។
អគ្គនាយិការងក្រុមហ៊ុន CAMOASIS បានបន្ថែមថា ការជ្រើសរើសទីតាំងសាខានេះ ដោយសំលេងឃើញថា តំបន់ទួលគោក មានជម្រើស Amazon ច្រើនជាងតំបន់ផ្សេងៗ មួយផ្នែកធំដោយសារតែអាគារនេះ មានការរចនាស្អាតទាក់ទាញ និងប្លែកភ្នែក។ សំខាន់មួយទៀត គឺមានចំណតថតឡានធំទូលាយ ងាយស្រួលដល់អតិថិជន ក្នុងការអញ្ជើញមក ពិសា និង លំហែអារម្មណ៍ នៅហាងកាហ្វេ Amazon សាខាទី៣។ អាគារនេះ មានរូបរាងដូចកប៉ាល់ មានបរិយាកាសជុំវិញល្អ រ៉ូមែនទិច ខ្យល់អាកាសធាតុល្អ និងពេលថ្ងៃគាត់អាចមើលឃើញផ្លូវ នេះបង្ហាញថា ជាបរិកាសមួយប្លែកមិនធ្លាប់មានពីមុន។ សាខាទី៣ ក៏មានការផ្តល់ជូនបន្ថែមនូវការលក់ចំណីឆ្ងាញ់ៗ និងមានការថែមរសជាតិថ្មី និងឈ្ងុញឆ្ងាញ់ច្រើនជាងមុន ដើម្បីបំពេញតម្រូវការ របស់អតិថិជន។
លោកស្រី ថុង ណាត់ស្យាបន្តថា កត្តាដែលធ្វើឲ្យទាក់ទាញអតិថិជនរបស់ហាងកាហ្វេ Amazon របស់ក្រុមហ៊ុន CAMOASIS គឺសំខាន់លើគុណភាពរសជាតិ និងទីតាំងដែលជិតបំផុត ជាជម្រើសរបស់អតិថិជន។
ជាមួយគ្នានោះ លោក Chat Chay Sang Aroon តំណាងអ្នកចែកចាយកាហ្វេ Amazon របស់ក្រុមហ៊ុន PTT ដ៏ធំប្រចាំនៅប្រទេសថៃ បានឲ្យដឹងថា ចំណុចពិសេសរបស់កាហ្វេ Amazon គឺ រសជាតិកាហ្វេឆ្ងាញ់ និងបរិយាកាសល្អ រសជាតិកាហ្វេដែលយើងយកមទទួលទាន មិនប៉ះពាល់ដល់សុខភាព ហើយអាចតម្រូវការតាមការកម៉្មង់របស់អតិថិជន។ លោកបន្តថា ក្រុមហ៊ុន PTT បានលក់ម៉ាកនេះ ដល់កម្ពុជា តាំងពីឆ្នាំ២០១៣ ហើយសន្ទុះនៃការគាំទ្រលើការនិយម ពិសាកាហ្វេ Amazon មានច្រើនជាបន្តបន្ទាប់ នៅក្នុងប្រទេសកម្ពុជា។
លោកស្រី ថុង ណាត់ស្យា បញ្ជាក់ថា ក្រុមហ៊ុនមិនបារម្ភចំពោះការរីកសាយនៃការបើកហាង Amazon នៅកម្ពុជា ដោយសារមើលឃើញថា ការបើកហាងច្រើន តែការបង្កើតសាខានីមួយៗ ពួកគាត់សុទ្ធតែបានពិចារណា ទៅលើតម្រូវការរបស់អតិថិជន នៅកន្លែងណាមួយ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន CAMOASIS គឺផ្តោតសំខាន់លើ F&B គឺម្ហូបចំនីអាហារ និងភេសជ្ជៈ ដោយបានសំលឹងវែងឆ្ងាយថា អ្វីខ្លះដែលប្រជាពលរដ្ឋខ្មែរនិយម និងពេញចិត្ត ហើយថ្មីៗនេះ ក្រុមហ៊ុន ក៏បានចាប់ផ្តើមបង្កើន២អាជីវកម្មបន្ថែមទៀត ក្នុងនោះរួមមាន ហាងហ្វឺ ២៤(ប្រភេទគុយទាវមកពីប្រទេសវៀតណាម) និង Oh my Chese (នំដំឡូងបារាំងចៀន)។ ហាងហ្វឺ ២៤ (ប្រភេទគុយទាវមកពីប្រទេសវៀតណាម) នឹងនាំមកនូវអាហារប្លែកមួយផ្សេងទៀត ដែលមានរសជាតិឆ្ងាញ់ និងតម្លៃសមរម្យ ប្រកបដោយអនាម័យ និងគុណភាពល្អ ហើយគ្រោងនឹងបើកនៅខែមេសាខាងមុខនេះ ក្នុងទឹកដីខេត្តសៀមរាប។ ចំណែក ហាង Oh my Chese (នំដំឡូងបារាំងចៀន) ជាដំណាក់កាលកំពុងតែជ្រើសរើសទីតាំង ហើយទីតាំងដែលជ្រើសរើស គឺនៅទីប្រជុំជនបណ្តុំទៅដោយយុវវ័យ។
សូមបញ្ជាក់ ជូនអតិថិជនថា ក្នុងឪកាសបើកហាង Amazon សាខាទី៣នេះ របស់ក្រុមហ៊ុន CAMOASIS នេះក៏មានការផ្តល់ជូន ការបញ្ចុះតម្លៃ២០ភាគរយ គ្រប់ភេសជ្ជៈទាំងអស់ ដែលមានលក់នៅហាងការហ្វេ Amazon នៅសាខាទី៣ដ៏ថ្មីស្រឡាងនេះ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាបុណ្យឯករាជ្យជាតិ នៃប្រទេសកម្ពុជាផងដែរ ក្រៅពីនោះ ក្រុមហ៊ុន ក៏មានការផ្តល់ជូនកាដូជូនអតិថជនតាមរយៈ ការចាប់ឆ្នោតជាច្រើនទៀត។
រហូតមកដល់ពេលនេះ ហាងកាហ្វេ Amazon មានចំនួនជាច្រើនសាខាហើយនៅកម្ពុជា ក្នុងនោះ ក្រុមហ៊ុន Comoasis Co.,Ltd បានបើកដំណើរការ ហាងកាហ្វេ Amazon ចំនួន៣សាខា សម្រាប់សាខាទី១ គឺហាងកាហ្វេ Amazon សាខាផ្សារសុវណ្ណា ជាសាខាទី៤៤នៅកម្ពុជា និងសាខាទី២នេះ គឺហាងកាហ្វេ Amazon សាខា៣៦០ ជាសាខាទី៥៥ នៅកម្ពុជា និងសាខាទី៣ គឺហាងកាហ្វេ Amazon សាខាអាគារកប៉ាល់ ជាសាខាទី៦៩៕