(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជាង ៤២ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន ៦,៣៥១នាក់ និងអ្នកខុសកែតម្រូវមានចំនួន ៤,២៥៥នាក់។
គ.ជ.ប បានឲ្យដឹងថា ដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៤២៣,០១៨នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕