(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងឧស្សាហកម្ម បានចេញថ្កោលទោសចំពោះសម្តីដ៏ខ្វះវិចារណញ្ញាណ និងអគតិរបស់បុគ្គល សម រង្ស៊ី ដែលប្រកាសឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ និងស្នើកម្ចាត់ជនក្បត់ជាតិនាពេលនេះ ដើម្បីបញ្ចៀសសង្គ្រាម និងមហន្តរាយផ្សេងៗដល់ប្រទេសជាតិ និងមាតុភូមិ ដែលកំពុងមានសុខសន្តិភាពពេញលេញពិតប្រាកដ។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្នុងនាមខ្លួនលោកផ្ទាល់ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសម្តីដ៏ខ្វះវិចារណញ្ញាណ និងអគតិរបស់បុគ្គល សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ប្រាកដនិយម ស្រឡាញ់សន្តិភាព និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្រ្តី ក៏សូមស្នើចាត់វិធានការគ្រប់បែបយ៉ាង កម្ចាត់ជនក្បត់ជាតិទាំងនេះ រួមមាន បុគ្គល សម រង្ស៊ី, កឹម សុខា និងបក្សពួករបស់គេនាពេលនេះ ដើម្បីបញ្ចៀសសង្គ្រាម និងមហន្តរាយផ្សេងៗ ដល់ប្រទេសជាតិ និងមាតុភូមិ ដែលកំពុងមានសុខសន្តិភាព យ៉ាងពេញលេញពិតប្រាកដ។ សម្រាប់ស្ថានការណ៍នៅកម្ពុជា «បើមិនកម្ចាត់ជនក្បត់ជាតិនៅពេលនេះទេ សង្គ្រាមប្រាកដជាកើតឡើងជាក់ជាមិនខាន ដល់ពេលនោះប្រជាពលរដ្ឋកម្ពុជា ប្រាកដជាជួបនឹងសោកនាដកម្មដ៏ធ្ងន់ធ្ងរ និងស្លាប់រាប់ពាន់រាប់ម៉ឺននាក់ ដោយសារការផ្ទុះសង្គ្រាម ដែលកើតចេញពីទង្វើរបស់ក្រុមក្បត់ជាតិទាំងនោះ»។ ដូច្នេះ ការចាត់វិធានការចំពោះអំពើក្បត់របស់ សម រង្ស៊ី និង កឹម សុខា នាពេលនេះ គឺជាតម្លៃមួយដែលសមនឹងទទួលបាន សម្រាប់សុខសន្តិភាព និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ទាំងមូល និងក៏ជាភាពឈ្លាសវៃ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជោគវាសនាប្រទេសជាតិ និងប្រជាជនកម្ពុជា។
ការប្រកាសប្រឆាំង និងកម្ចាត់ជនក្បត់ជាតិខាងលើនេះ ធ្វើឡើងបន្ទាប់ពីវីដេអូមួយ ដែលទទួលបានពីមន្រ្តីរដ្ឋាភិបាល ជាភស្តុតាងថ្មីមួយទៀតដែលលោក សម រង្ស៊ី ប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
វីដេអូនេះលោក សម រង្ស៊ី បាននិយាយកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១១ (មុនបង្កើតគណបក្សសង្រ្គោះជាតិ) នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសែត សហរដ្ឋអាមេរិក ដោយលោក សម រង្ស៊ី បាននិយាយដូច្នេះថា «របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរយើងត្រូវការរៀបចំ ការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឲ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុង ផ្តួលរំលំរបបផ្តាច់ការ ហ៊ុន សែន»។ ការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូ ជាការផ្សារភ្ជាប់ទៅនឹងវីដេអូរបស់លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះវាបង្ហាញអំពីគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយបរទេស ដែលមានមហិច្ឆតាជាឈ្មួញសង្រ្គាម។
តើប្រជាជនកម្ពុជា យើងអាចដឹងបានទេថា នៅពេលនោះវាអាចនឹងមានអ្វីកើតឡើង រវាងអ្នកការពារដ្ឋធម្មនុញ្ញ និងអ្នកបំផ្លាញរដ្ឋធម្មនុញ្ញ ពោលគឺរវាងអ្នកការពាររបបរាជានិយម និងអ្នកផ្តួលរំលំរបបរាជានិយម នោះគឺប្រាកដណាស់ សង្គ្រាមស៊ីវិលនឹងកើតឡើងចៀសមិនផុត ដើម្បីការពាររាជានិយម ការពាររដ្ឋធម្មនុញ្ញ។ តើប្រជាពលរដ្ឋ ចង់បានសង្គ្រាមរបៀបនេះទៀតទេ? គឺគ្មានទេ។ ឯអ្នកហ៊ានធ្វើអ្វីៗដោយមិនគិតពីផលអាក្រក់នៃសង្គ្រាម មិនគិតពីមហន្តរាយ គឺមានតែ សម រង្សី, កឹម សុខា និងបក្សពួក ក្រោមខ្សែញាក់របស់ចក្រពត្តិបរទេស ដែលមានមហិច្ឆតាជាឈ្មួញសង្រ្គាមតែប៉ុណ្ណោះ។
ដូចនេះ វិធានការទប់ស្កាត់ទាន់ពេលវេលា របស់សម្តេចតេជោ ក្នុងនាមនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ខ្លួនមេក្លោង កឹម សុខា នឹងវិធានការទាំងឡាយ ដើម្បីបញ្ចៀសសង្គ្រាមនៅកម្ពុជា គឺជាការត្រឹមត្រូវបំផុតដែលប្រជាជន និងប្រជាជាតិកម្ពុជាសូមគាំទ្រ ទាំងស្រុង។
សារជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ សូមថ្កោលទោសចំពោះសម្តី និងទង្វើដ៏អគតិរបស់បុគ្គល សម រង្ស៊ី, កឹម សុខា និងបក្សពួករបស់គេ ដែលបានធ្វើមកលើរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកទេសរដ្ឋមន្រ្តី បញ្ជាក់បន្ថែមទៀតថា យើងទាំងអស់គ្នាបានដឹង និងមើលឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំមកនូវការរីកចម្រើនឥតឈប់ឈរ មានការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ មានស្ថិរភាព និងសុខសន្តិភាពបរិបូរណ៍ពេញផ្ទៃប្រទេស។ ដូចនេះ លោកទេសរដ្ឋមន្រ្តី សូមស្នើដល់បងប្អូនទាំងអស់ ក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាបន្តថែរក្សាតម្លៃ នៃសុខសន្តិភាពនេះ ឲ្យបានគង់វង្ស និងរួមគ្នាអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន ល្អប្រសើរឡើងថែមទៀត។
ជយោ.! ព្រះរាជាណាចក្រកម្ពុជា, ជយោ.! សម្តេចតេជោ ហ៊ុន សែន.! ៕