(ភ្នំពេញ)៖ សម្លេងសន្ទនាប្រមាថព្រះចេស្តាដ៏ធ្ងន់ធ្ងរជាទីបំផុតចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ ត្រូវបានបែកធ្លាយនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ។
សម្លេងសន្ទនារវាងលោក លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងលោកស្រី គី លំអង អតីតតំណាងរាស្រ្តគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានរយៈប្រមាណជាង៤នាទី ត្រូវបាន Facebook ជំនាញខាងទម្លាយរឿងអាស្រូវរបស់អ្នកនយោបាយឈ្មោះ សីហា បង្ហោះនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ។
នៅក្នុងឃ្លីបសម្លេងនេះ, លោក លឺ ឡាយស្រេង និយាយឆ្លងឆ្លើយជាមួយលោកស្រី គី លំអង យ៉ាងដូច្នេះថា៖ «នៅថ្ងៃនេះផេកសីហា យើងខ្ញុំ បានទទួលនូវសំឡេងឆ្លើយឆ្លងគ្នារវាងលោក លឺ ឡាយស្រេង ជាមួយលោកស្រី គី លំអង អតីតតំណាងរាស្ត្រគណបក្សហ៊្វុនស៊ីនប៉ិច កាលពីវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ ដោយលោក លឺ ឡាយស្រេង បានប្រើពាក្យសម្តីប្រមាថកាតទានយ៉ាងធ្ងន់ធ្ងរបំផុតទៅលើអង្គព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាពលរដ្ឋកម្ពុជា។
សម្តីឆ្លើយឆ្លងគ្នារវាង លោក លឺ ឡាយស្រេង ជាមួយលោកស្រី គី លំអង បានលើកឡើងពីផែនការដែលនឹងមានមន្ត្រីមួយចំនួនចង់ទៅចូលគាល់ព្រះមហាក្សត្រ ក្រោមលេសដែលគេបាននិយាយថា ដើម្បីបន្ថយកំដៅនយោបាយ ហើយទំនងជាចង់សុំការសម្រេចព្រះទ័យពីព្រះមហាក្សត្រ អោយធ្វើអ្វីមួយតាមគោលបំណងរបស់ពួកគេ ប៉ុន្តែ គី លំអង គិតថា ប្រហែលព្រះមហាក្សត្រមិនហ៊ានទេ។ នេះបើតាមសំឡេងឆ្លើយឆ្លងរបស់លោកស្រី គី លំអង ក្នុងនោះមានទាំងបញ្ចេញឈ្មោះ លោក ឡៅ ម៉ុងហៃ ក៏នឹងត្រូវចូលព្រះបរមរាជវាំងគាល់ព្រះករុណាផងដែរ ។ ប៉ុន្តែ លោក លឺ ឡាយស្រេង បានឆ្លើយតបទៅ លោកស្រី គី លំអង វិញ ដោយប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះព្រះមហាក្សត្រថា « បើមិនហ៊ានទេ ឲ្យដាក់រាជ្យទៅ ឲ្យគេទៅធ្វើម្តងវិញ មាន់គ្រៀវអញ្ចឹងនោះ។ បន្ទាប់ពីលឺពាក្យនេះ លោកស្រី គី លំអង បានសរសើរលោក លឺ ឡាយស្រេង ថា ...ក្នុងចំណោមហ៊្វុនស៊ីនប៉ិច ចាស់ ៗ មានតែបងឯងទេដែលហ៊ានងើបនោះ។
ក្នុងការសន្ទនាគ្នានោះដែរ អ្នកទាំងពីរក៏បានប្រើពាក្យវាយប្រហារទៅលើសម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ ប្រធានគណបក្សហ៊ុនស៊ីនប៉ិចបច្ចុប្បន្នដោយពាក្យអសុរោះ មួយចំនួន ដូចជា ប្រើសម្តីថា អាស្តេចចោលម្សៀតមួយនេះយ៉ាប់មែនទែន ... ថោកទាបណាស់... អានេះបន្តុះបង្អាប់រាជវង្ស...ជាដើម។ គី លំអង បានបន្ទរថា ត្រូវហើយបង្អាប់ព្រះកូណាទៀត ។ លោក លឺ ឡាយស្រេង ថែមទាំងបានបន្តប្រមាថព្រះមហាក្សត្រទៀតថា « បើអាព្រះកូណាហ្នឹងវាអាប់ស្រាប់ផងទេ.... »។
សូមស្តាប់សំឡេងនិយាយឆ្លើយឆ្លងគ្នារវាងលោក លឺ ឡាយស្រេង ជាមួយលោកស្រី គី លំអង និងការប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតទៅលើព្រះមហាក្សត្រដូចតទៅ៖