(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រកាសទៅកាន់កងទ័ពទាំងអស់ថា កងទ័ពត្រូវតែគោរពឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជា និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដើម្បីពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីនៃឲ្យបានគង់វង្ស និងរីកចម្រើន។
ការប្រកាសបែបនេះ របស់នាយឧត្តមសេនីយ៍ មាស សុភា ត្រូវបានធ្វើឡើងនៅក្នុងពិធី ប្រកាសផ្ដល់មុខងារ និងតម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ឯក ថ្នាក់ឧត្តមសេនីយ៍ទោ ថ្នាក់ឧត្តមសេនីយ៍ត្រី និងថ្នាក់វរសេនីយ៍ឯក ជូននាយទាហានសរុប៩៤នាក់ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស សុភា ជំនួសមុខឲ្យប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ពិសេសថ្នាក់ដឹកនាំកងទ័ពជើងគោក បានសំដែងនូវក្តីសប្បាយរីករាយ លើកសរសើរ និងវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងបំពេញការងារប្រកប ដោយកិច្ចសហការ និងការសមគ្គីជាធ្លុងមួយរបស់នាយទាហាន ពលទាហានក្នុងការចូលរួមក្នុងសកម្មភាព បម្រើជាតិមាតុភូមិកម្ពុជា រហូតប្រទេសជាតិ មានសន្តិភាពយ៉ាងពិតប្រាកដ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍ មាស សុភា បានបញ្ជាក់ថា ការតែងតាំងផ្លាស់ប្តូរមុខងារ និងការតម្លើងឋានន្តរសក្តិ ជូននាយទាហាននាពេលនេះ គឺស្របពេលដែលប្រទេសជាតិ យើងមានសន្តិភាព ហើយប្រទេសជាតិក៏កំពុងមានការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់ ហើយបាននិងកំពុងធ្វើការកែទម្រង់ កងកម្លាំងរបស់ខ្លួន ឲ្យមានទាំងបរិមាណ និងគុណភាព សមត្ថភាព ក្នុងការចូលរួមបំពេញភារកិច្ចការពារសណ្តាប់ធ្នាប់សង្គម ពិសេសចូលរួមជួយដល់រាជរដ្ឋាភិបាល ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន។
ឆ្លៀតក្នុងឱកាសនោះ មេបញ្ជាការកងទ័ពជើងគោករូបនេះ បានលើកយកនូវព្រឹត្តការណ៍សំខាន់ៗ នៃសភាពការណ៍វិវត្តន៍ថ្មីៗនៅកម្ពុជា មកបកស្រាយ ពន្យល់ដល់នាយ ពលទាហានក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក ឲ្យយល់កាន់តែច្បាស់នូវព្រឹត្តិការដែលកើតមានឡើងនៅកម្ពុជា ពិសេសការធ្វើបច្ចុប្បន្នភាព នៃស្ថានភាពនយោបាយនៅកម្ពុជានាពេលថ្មីៗនេះ គឺផ្តោតសំខាន់ទៅលើព្រឹត្តិការណ៍នៃការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នឹងឈានទៅដល់ការរំលាយគណបក្សមួយនេះ ដោយសារតែបក្សមួយនេះ បានឃុបឃិតជាមួយបរទេសនាំបដិវត្តពណ៌មកអនុវត្តនៅកម្ពុជា៕