(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី២១ ខែតុលានេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាននិងកំពុងដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យមើល ការតុបតែងប្រទីប និងមើលស្ថានភាពកន្លែងស្នាក់នៅ របស់ក្រុមចំណុះទូកដែលស្ថិតនៅត្រើយម្ខាង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រួមទាំងណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដាក់បង្គន់អនាម័យឲ្យបានច្រើនកន្លែង។
ក្រៅពីនេះបញ្ហាការរៀបចំឲ្យមានសន្តិសុខ សណ្តាប់ធ្នាប់ក៏ លោកអភិបាលធ្វើការណែនាំឲ្យត្រៀមរៀបចំ ឲ្យល្អប្រសើរផងដែរ។
គួរបញ្ជាក់ថាការចុះពិនិត្យមើលការតុបតែងប្រទីប និងមើលស្ថានភាពកន្លែងស្នាក់នៅ របស់ក្រុមចំណុះទូកនេះ ធ្វើឡើង ក្រោយកិច្ចប្រជុំមួយ ជាមួយមន្រ្តីពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២០ ខែតុលា ដើម្បីដាក់ផែនការ សម្រាប់ការការពារសន្តិសុខ និងការបង្កើតគណៈកម្មការ អនុគណៈកម្មការទទួលបន្ទុករៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក លយប្រទីប និងការរៀបចំខួបអនុស្សាវរីយ៏លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរៈភូមិន្ទឆ្នាំ២០១៧ ដែលរាជធានីភ្នំពេញជាអ្នករៀបចំកម្មវិធីទាំងនោះ។
ក្នុងកិច្ចប្រជុំដែលដឹកនាំដោយអភិបាល លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពី ស្នងការនគរបាលរាជធានី កងរាជអាវុធហត្ថ ព្រមទាំងមន្ត្រីពាក់ព័ន្ឋក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀតនោះ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ នឹងប្រព្រឹត្តទៅរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ដល់ទី៤វិច្ឆិកា តាមដងទន្លេសាបមុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយរីករាយអបអរសាទរបុណ្យប្រពៃណីជាតិ ដោយមានបណ្តែតប្រទីប អុចកាំជ្រួច និងសំដែងសិល្បះគ្រប់ទាំង៣ថ្ងៃ៕