(ភ្នំពេញ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២៦០នាក់ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ បាននិងកំពុងចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់កម្មករ កម្មការិនី ៤,២០០នាក់ នៅរោងនៅរោងចក្រវ៉ាសាន់ ឃុំកាហែង ស្រុកសំរោងទង ដោយឥតគិតថ្លៃ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី មានការចូលរួមសហការដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, លោក អោ វណ្ណថេង ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ, លោក ចិក បូរិន ប្រធានមន្ទីរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកស្រី សំ វ៉ាន់ដា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, អាជ្ញាធរខេត្តកំពង់ស្ពឺ លោក ស៊ឹម រតនៈ អភិបាលស្រុកសំរោងទង សានាកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ, លោក ឆាយ សត្យា ប្រធានសហព័ន្ធយុវជនកម្ពុជាក្រសួងផែនការ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង Mr. Peang Pharoth ប្រធានក្រុមហ៊ុនទឹកបរិសុទ្ធអូរសិលា។
ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
សូមបញ្ជាក់ថារយៈពេល៥៨ខែ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,០៣៤នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៨៤លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន១៣៦,១៦៩នាក់៕