(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្រ្តីក្រោមឱវាទបានសម្តែងប្រតិកម្មយ៉ាងខ្លាំងចំពោះសម្តីរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបែរកាណុងផ្តួលរំឡំរាជរដ្ឋាភិបាល។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានចាត់ទុកសម្តីអតីតមេបក្សប្រឆាំងរូបនេះថា ជាការនាំឲ្យជាតិធ្លាក់ទៅរកភាពវឹកវរដូចកាលពីអតីតកាល។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចានថុល និងមន្រ្តីក្រោមឱវាទតាមរយៈញត្តិថ្កោលទោសសម្តីរបស់លោក សម រង្ស៊ី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងសមត្ថកិច្ច ក្នុងការរក្សាសុខសន្តិភាព ដោយកម្ចាត់រាល់សកម្មភាពញុះញង់ទាំងឡាយរបស់លោក សម រង្ស៊ី និង លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ជាជនក្បត់ជាតិនោះ។
ក្នុងញត្តិនោះបានបញ្ជាំក់ថា «យើងខ្ញុំទាំងអស់គ្នាជាមន្រ្តីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនសូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ។ បើមិនកម្ចាត់ជនក្បត់ជាតិនៅពេលនេះទេ សង្គ្រាមប្រាកដជាកើតឡើងជាក់ជាមិនខាន ដល់ពេលនោះប្រជាពលរដ្ឋកម្ពុជា ប្រាកដជានឹងស្លាប់រាប់ពាន់រាប់ម៉ឺននាក់ ដោយសារការផ្ទុះសង្គ្រាមដែលកើតចេញពីទង្វើរបស់ក្រុមក្បត់ជាតិទាំងនោះ។ ដូច្នេះហើយការចាត់វិធានការទាន់ពេលវេលាចំពោះអំពើក្បត់របស់សម រង្ស៊ី និង កឹម សុខា គឺជាភាពឈ្លាសវៃប្រកបដោយស្មារតីទទួលខុសត្រូវបំផុតចំពោះជាតិ និងប្រជាជនរបស់សម្តេចតេជានាយករដ្ឋមន្ត្រី»។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងនាំមកនូវការរីកចម្រើនឥតឈប់ឈរ មានការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ មានស្ថិរភាព និងសុខសន្តសន្តិភាពបរិបូរណ៍ពេញផ្ទៃប្រទេស ដែលជាឱកាសដ៏ធំធេងសម្រាប់អភិវឌ្ឍន៍ជាតិឲ្យកាន់តែរីកចម្រើន។
លោក ស៊ុន ចាន់ថុល បានអំពាវនាវផងដែរថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរត្រូវរួមគ្នាបន្តថែរក្សាតម្លៃនៃសុខសន្តិភាពនេះ ឲ្យបានគង់វង្ស និងរួមគ្នាអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនប្រសើរឡើងថែមទៀត។
ការការចេញញត្តិប្រកាសប្រឆាំងសម្តី លោក សម រង្ស៊ី និងគាំទ្រសកម្មភាពកម្ចាត់ជនក្បត់ជាតិរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើឡើងបន្ទាប់ពីវិដេអូមួយថ្មីមួយទៀត ដែលលោក សម រង្ស៊ី បានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
វីដេអូនេះលោក សម រង្ស៊ី បាននិយាយកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១១ (មុនបង្កើតគណបក្សសង្រ្គោះជាតិ) នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសែត សហរដ្ឋអាមេរិក ដោយលោក សម រង្ស៊ី បាននិយាយដូច្នេះថា «របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរយើងត្រូវការរៀបចំ ការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឲ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការ ហ៊ុន សែន»។ (សូមស្តាប់ការលើកឡើងរបស់លោក សម រង្ស៊ី ខាងក្រោម)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ទៅនឹងវីដេអូរបស់លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក។
ក្នុងញត្តិនោះ ក៏បានចោទជាសំណួរផងដែរថា តើប្រជាជនកម្ពុជា យើងអាចដឹងបានទេថា នៅពេលនោះវាអាចនឹងមានអ្វីកើតឡើងរវាង អ្នកការពារដ្ឋធម្មនុញ និង អ្នកបំផ្លាញរដ្ឋធម្មនុញ្ញពោលគឺរវាងអ្នកការពារ របបរាជានិយម និងអ្នកផ្តួលរលំរបបរាជានិយមនោះ គឺសង្គ្រាមស៊ីវិលនឹងកើតឡើងចៀសមិនផុត ដើម្បីការពាររាជានិយម ការពាររដ្ឋធម្មនុញ្ញ។ តើប្រជាពលរដ្ឋចង់ បានសង្គ្រាមរបៀបនេះទៀតទេ គឺគ្មានទេ។ តើអ្នកណាចង់បានគឺមានតែ សម រង្សី កឹម សុខា នឹងបក្សពួកក្រោមខ្សែញាក់របស់ចក្រពត្តិអាមេរិកតែប៉ុណ្ណោះ។
ដូចនេះវិធានការទប់ស្កាត់ទាន់ពេលវេលារបស់សម្តេចតេជោ ក្នុងនាមនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ខ្លួនមេក្លោង កឹម សុខា នឹងវិធានការណ៍ទាំងឡាយ ដើម្បីបញ្ចៀសសង្គ្រាមនៅកម្ពុជា គឺជាការត្រឹមត្រូវបំផុតដែលប្រជាជន និងប្រជាជាតិកម្ពុជាសូមគាំទ្រយ៉ាងពេញទំហឺង។
ជយោ ! ព្រះរាជាណាចក្រកម្ពុជា, ជយោ ! សម្តេចតេជោ ហ៊ុន សែន៕