(ស្វាយរៀង)៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹក២១ ខែតុលា ឆ្នាំ២០១៧នេះថា មានប្រជាពលរដ្ឋដែលរស់នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទីដែលសំបូរដោយគ្រាប់បែកគីមីរបស់អាមេរិក ចំនួន១៥នាក់ថែមទៀតហើយ បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង បន្ទាប់ពីបញ្ហាសុខភាព រមាស់លើរាងកាយរបស់ពួកគាត់។
នេះជាលើកទី៤ហើយ ដែលប្រជាពលរដ្ឋឃុំគគីរ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ធ្វើឲ្យអ្នករងគ្រោះដោយសារគ្រាប់បែកគីមីទាំងកើនដល់៤៥នាក់ ក្នុងនោះ៤២នាក់ បានទៅព្យាបាលនៅមន្ទីរពេទ្យស្វាយរៀង និងកុមារ៣នាក់ កំពុងព្យាបាលនៅភ្នំពេញ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ប្រជាពលរដ្ឋឃុំគគីរទាំង១៥នាក់ថែមទៀត បានចូលមកព្យបាលជំងឺនៅមន្ទីរពេទ្យ តាំងពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបន្ថែមទៀតថា គិតទាំងលើកនេះ គឺជាលើកទី៤ហើយ ដែលប្រជាពលរដ្ឋឃុំគគីរ ដែលរងគ្រោះដោយសារសារធាតុគីមី នៃឥទ្ធិពលគ្រាប់បែកគីមី ដោយលើកទី១មានចំនួន៨នាក់, លើកទី២ ចំនួន១៥នាក់, លើកទី៣ ចំនួន១៣នាក់ និងលើកទី៤នេះចំនួន១៥នាក់ ដោយសរុបចំនួន៥១នាក់ ក្នុងនោះ៤២នាក់ មានជំងឺដែលប៉ះពាល់ដោយសារធាតុគីមី របស់គ្រាប់បែកគីមី និង៩នាក់ មានកើនជំងឺផ្សេង។ ខណៈកុមារ៣នាក់ ដែលរងគ្រោះដោយគ្រាប់បែកគីមី កំពុងព្យាបាលនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ។
បើទោះបីជាប្រជាពលរដ្ឋឃុំគគីរ បានបញ្ហាសុខភាព ដោយរមាស់លើរាងកាយ និងមានសភាពរាងកាយមិនប្រក្រតីក្តី ក៏សហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាច ទម្លាក់គ្រាប់បែកមកលើទឹកដីខ្មែរ មិនចេញមុខទទួលខុសត្រូវឡើយ លើសពីនេះអាមេរិកថែមទាំង ចេញសេចក្តីថ្លែងការណ៍ ប្រមាថយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរដែលបានស្លាប់ និងកំពុងរងគ្រោះ ដោយអាវុធគីមីនេះ ព្រោះតែអាមេរិកចាត់ទុកថា គ្រាប់បែករបស់ខ្លួនដែលរកឃើញ នៅខេត្តស្វាយរៀង គឺជាគ្រាប់បែកបង្ហូរទឹកភ្នែក។
ជុំវិញការលើកឡើងរបស់អាមេរិកថាគ្រាប់បែកគីមី ជាគ្រាប់បែកបង្ហូរទឹកភ្នែកនេះ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ឆ្លើយតបភ្លាមៗវិញ ដោយសូមអញ្ជើញឯកអគ្គរដ្ឋទូតអាមេរិក ដែលអះអាងបែបនេះ ចុះទៅពិនិត្យទីតាំងគ្រាប់បែកដោយផ្ទាល់ និងអាចហិត ឬកាន់សារធាតុគីមីទាំងនោះលេង ដើម្បីឲ្យដឹងច្បាស់ថា គ្រាប់បែកគីមី ឬគ្រាប់បែកបង្ហូរទឹកភ្នែក។
សូមជម្រាបថា បើតាមលោក ហេង រតនា អាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះ សង្គ្រាមមានចំនួនច្រើន ឥតគណនាបានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។ ក្នុងនោះសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺមានចំនួន១១៥,២៧៥ទីតាំង (ឬកំណត់ត្រា) មានការហោះហើរទំលាក់ចំនួន ២៣០,៥៤៤លើក មានចំនួនគ្រាប់ទំលាក់ចំនួនជាង២លាន៥៩ម៉ឺនគ្រាប់ មានទំងន់ជាង២លាន៨សែនតោន (២,៨០៣,៨៦៨,១៥២គីឡូក្រាម) ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួនជាង២៧លាន៩សែនគ្រាប់។ ដោយឡែកគ្រាប់បែកជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមីមួយចំនួនទៀត មិនសិ្ថតក្នុងទិន្នន័យនេះនៅឡើយទេ! ខាងលើនេះជាការពិតជាក់ស្តែង ដែលបានកើតលើប្រជាជន និងប្រទេសដ៍កំសត់មួយនេះ៕