(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ បានរំលឹកដល់កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ខណៈសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ខួបលើក២៦ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសនឹងចូលមកដល់ (២៣ តុលា ១៩៩១-២៣ តុលា ២០១៧)។
សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា ទន្ទឹមនឹងប្រទេសកម្ពុជាកំពុងរីករាយ ជាមួយនឹងសុខសន្តិភាពពេញផ្ទៃប្រទេស ក៏មានប្រទេសមួយចំនួន កំពុងប្រឈមនឹងសង្គ្រាម និងវិបត្តិជនភៀសខ្លួន និងរងការបំផ្លិចបំផ្លាញវិនាសកម្មផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនឲ្យប្រទេសកម្ពុជា វិលទៅរកអតីតកាល ដែលរងគ្រោះដោយភ្លើងសង្គ្រាម ធ្វើឲ្យប្រជាជនរងទុក្ខវេទនាវិញឡើយ និងអំពាវនាវឲ្យប្រជាជនកម្ពុជា រួមគ្នាការពារ ថែរក្សាសន្តិភាព ដែលរកបានដោយលំបាកនេះ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «នៅប៉ុន្មានថ្ងៃខាងមុខនេះ គឺខួបលើកទី ២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងចូលមកដល់ (២៣ តុលា ១៩៩១-២៣ តុលា ២០១៧)។ ទន្ទឹមនឹងកម្ពុជាកំពុងរីករាយជាមួយសន្តិភាព ក៏មានប្រទេសមួយចំនួនកំពុងប្រឈមនឹងសង្រ្គាម និងវិបត្តិជនភៀសខ្លួន ព្រមទាំងការបំផ្លិចបំផ្លាញវិនាសកម្ម។ កម្ពុជាគឺមិនវិលទៅរកអតីតកាលវិញឡើយ។ ពិតណាស់ សន្តិភាពភាពគឺជាសេចក្តីត្រូវការចាំបាច់បំផុត សម្រាប់មនុស្សជាតិ។
អរគុណជនរួមជាតិ ដែលបានចូលរួមថែរក្សាសន្តិភាព ដែលបានធ្វើឲ្យប្រទេសយើងកំពុង ក្លាយជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញបំផុតនៅក្នុងតំបន់។
សូមជូនពរជនរួមជាតិ ជួបតែសេចក្តីសុខ ធ្វើដំណើរសុខសប្បាយគ្រប់ទីកន្លែង និងបានរីករាយក្នុងថ្ងៃសម្រាក ចុងសប្តាហ៍ទាំងអស់គ្នា»៕