(ព្រះសីហនុ)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល និងអធិការនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាពឆក់កាបូបពីជនបរទេស២នាក់ បានសម្រេចមួយដង្ហើបចង្រិត នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ នៅតាមដងផ្លូវឆ្នេរអូរត្រេះ២ ស្ថិតក្នុងក្រុម២ ភូមិ៦ សង្កាត់៤។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលធ្វើសកម្មភាពបានសម្រេច រួចរត់មិនសម្រេចហើយក៏ត្រូវចាប់ខ្លួនបាននោះ ទី១៖ឈ្មោះ សុខ ដារ៉ា អាយុ១៨ឆ្នាំ មានទីលំនៅភូមិបក់គគី ឃុំបិតត្រាំង ស្រុកព្រៃនប់ (អ្នកបើកម៉ូតូ) និងទី២៖ឈ្មោះ ឡេង សុខ អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រនប់ (អ្នកឆក់)។
ដោយឡែកជនរងគ្រោះ២នាក់ប្ដីប្រពន្ធជាជនជាតិរុស្ស៊ីនោះ ប្ដីឈ្មោះ MALOVA ILIA និងប្រពន្ធ MALOVA PARIA អាយុ២៧ឆ្នាំ ជនរងគ្រោះទាំង២នាក់ ក៏រងរបួសផងដែរ ដោយសារតែពេលត្រូវជនសង្ស័យឆក់នោះ ម៉ូតូរបស់ជនរងគ្រោះដួល។
ក្រោយឃាត់ខ្លួនសម្ភារៈដែលឆក់នោះ ត្រូវបានកម្លាំងនគរបាលប្រគល់ឲ្យទៅជនរងគ្រោះវិញផងដែរ ដោយឡែកជនសង្ស័យ និងម៉ូតូដែលជិះធ្វើសកម្មភាព ត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការបន្ដ៕