(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ប្រធានគណៈចលនាស្ត្រី​ខណ្ឌឫស្សីកែវ តំណាងប្រធានគណៈចលនាមហាជនខណ្ឌ លោក ជា ពិសី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ ចាប់ពីថ្ងៃទី១៧ មកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ​ពោលរយៈពេល៣ថ្ងៃជាប់គ្នានេះ​ បានបន្តដឹកនាំសហការី ចៅសង្កាត់ មេភូមិ មេក្រុម ដើម្បីចុះសួរសុខទុក្ខដោយផ្ទាល់តាមខ្នងផ្ទះប្រជាពលរដ្ឋងាយរងគ្រោះ និងធ្វើការស្វែងយល់ពីតម្រូវការចាំបាច់ ក្នុងការរិះរកដំណោះស្រាយជូនទាន់ពេលវេលា ពិសេសដើម្បីពង្រឹងចិញ្ចឹមចលនាគណបក្សប្រជាជនកម្ពុជា​បន្ថែមទៀត។

ក្នុងនោះក៏បានឧបត្ថម្ភថវិកាជូនមួយចំនួនផងដែរ ដើម្បីឲ្យស្របទៅតាមអនុសាសន៍ដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី២ និងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ​។

ក្នុងសកម្មភាពមនុស្សធម៌របស់គណៈចលនាស្ត្រីខណ្ឌ ដើម្បីធ្វើការស្វែងយល់ពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ខាងលើនេះ លោកស្រី អាន ផល្លា បាន​ផ្ដាំផ្ញើសួរសុខទុក្ខ សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋថា សូមឲ្យជួយសហការ និងរាយការណ៍ផង ពីស្ថានភាពជាក់ស្ដែង ពិតប្រាកដរបស់ជនទីទាល់ក្រ មានជំងឺរ៉ាំរ៉ៃចាស់ជរា ពិការភាព ទុរគតជន គ្មានទីពឹងជួលផ្ទះគេ និងចាំផ្ទះឲ្យគេ ឬជួបឧបទេវហេតុផ្សេងៗ​ជាដើម ដើម្បីមានវិធានការពាំនាំយកទៅជម្រាបជូន លោក ជា ពិសី ប្រធានគណៈចលនាមហាជន​ខណ្ឌឫស្សីកែវ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ ក្នុងការរិះរកដំណោះស្រាយជូនជាថវិកា សម្ភារ ឬគ្រឿងឧបភោគបរិភោគឲ្យទាន់ពេលវេលា និងទាន់សភាពការ​ជាពិសេសដើម្បីពង្រឹងចិញ្ចឹមចលនាបក្សបន្ថែមទៀត ឲ្យកាន់តែមានតម្លាភាព៕