(សៀមរាប)៖ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកបណ្ឌិត ស៊ុំ ម៉ាប់ បានជួបពិភាក្សាការងារជាមួយតំណាងក្រុមរដ្ឋាភិបាលចិន សម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA អំពីលទ្ធភាពកិច្ចសហប្រតិបត្តិការជួសជុលព្រះបរមរាជវាំងទីក្រុងអង្គរធំ ដែលអាចនឹងប្រព្រឹត្តទៅ នៅពាក់កណ្តាលឆ្នាំ២០១៨។
កិច្ចពិភាក្សានៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ផ្តោតសំខាន់លើការឯកភាព ផ្នែកបច្ចេកទេសរៀបចំគម្រោងក្នុងជំហានដំបូង ជាពិសេសកំណត់ទំហំ នៃដំណើរការជួសជុល និងពង្រឹងរចនាសម្ព័ន្ធទីតាំងមួយចំនួនដូចជាផ្នែកខ្លះនៃកំពែង ខ្លោងទ្វារព្រះបរមវាជវាំង និងប្រាសាទភិមានអាកាស។
ថ្លែងក្នុងជំនួបនោះ តំណាងស្ថាប័ន CSA លោក Xu Yen អនុប្រធានបណ្ឌិតសភាចិន ផ្នែកបេតិកភណ្ឌវប្បធម៌ បានសម្តែងនូវសេចក្តីអរគុណ ដែលអាជ្ញាធរជាតិអប្សរាជានិច្ចជាកាល តែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ក្នុងពេលកន្លងមក និងបានបង្ហាញពីជំហរដ៏រឹងមាំ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ជាមួយអាជ្ញាធរជាតិអប្សរា។
ជាមួយគ្នានោះ លោកបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានស្នើឲ្យភាគីចិនពិភាក្សាល្អិតល្អន់ និងសហការល្អជាមួយនាយកដ្ឋានជំនាញផ្សេងៗ របស់អាជ្ញាធរជាតិអប្សរាដើម្បីឲ្យដំណើការ នៃគម្រោងនេះអនុវត្តបានទៅដោយរលូន។ ម្យ៉ាងវិញទៀត លោកបានបញ្ជាក់ជូនភាគីចិនថា អាជ្ញាធរជាតិអប្សរាបានត្រៀមខ្លួនរួចរាល់ អំពីកិច្ចសហប្រតិបត្តិការនេះ។
សូមបញ្ជាក់ថា ស្ថាប័ន CSA នៃសាធារណរដ្ឋមានិតចិន បានចូលរួមជួសជុលប្រាសាទចៅសាយទេវតាក្នុងឆ្នាំ១៩៩៨ និងរួចរាល់នៅឆ្នាំ២០០៨ រីឯការជួសជុលប្រាសាតាកែវ ចាប់ផ្តើមនៅឆ្នាំ២០០៧ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៧ខាងមុខ៕