(ភ្នំពេញ)៖ លោក ស៊ុយ សេរិទ្ឋ អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា នៅតំបន់បឹងត្របែក មានសិប្បកម្មកែច្នៃឈើច្រើនណាស់ ដូចទីតាំងតំបន់ ច្បារអំពៅ តំបន់ព្រែកព្នៅ សូមលោកនាយខណ្ឌរដ្ឋបាលថ្មី សហការជាមួយសមត្ថកិច្ចជំនាញចុះពិនិត្យទីតាំងថា តើមានច្បាប់ ឬគ្មានច្បាប់អនុញ្ញាតដើម្បីត្រួតពិនិត្យ និងណែនាំអោយធ្វើច្បាប់បើផុតសុពលភាពសូមអោយទៅបន្តទៀត ។

លោក ស៊ុយ សេរិទ្ឋ លើកឡើងបែបនេះ នៅក្នុងពិធីប្រកាសតែងតាំងលោក គាំ សីហា ពីនាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញទៅ ជានាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ និងមានការចូលរួម ពីលោកបណ្ឌិត កែវ អូម៉ាលីស អនុប្រធានរដ្ឋបាលព្រៃឈើក្នុងនោះក៏មានការចូលរួមពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក កង គឹមលី នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាប រួមទាំងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញជាច្រើនរូបទៀតចូលរួមផងដែរ ។

ជាការឆ្លើយតបនឹងការផ្ដល់ជំនឿទុកចិត្តពីថ្នាក់លើ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានមានប្ដេជ្ញាចិត្តដោយ
គោរពតាមគោលការណ៍ណែនាំ និងបទបញ្ជាររបស់ដ្នាក់ដឹកនាំក្នុងការអនុវត្តច្បាប់, ខិតខំអនុវត្តផែនការការងារ
របស់សាលារាជធានីភ្នំពេញ កម្មវិធីព្រៃឈើជាតិទិសដៅរបស់រដ្ឋបាលព្រៃឈើ និងទិសដៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សំដៅរួមចំណែកកសាងអភិវឌ្ឍ​​​​​វិស័យព្រៃឈើក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែមានភាពល្អប្រសើរ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, ពង្រឹងសាមគ្គីភាពផ្ទៃក្នុងក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តការជាមួយស្ថាប័នពាក់ព័ន្ធ ស្ថាប័នអយ្យការ ស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសការដឹកនាំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។

លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងកោតសរសើរដល់ខណ្ឌរដ្ឋបាលភ្នំពេញ ដែលបានអនុវត្តការងារបានល្អ ជាពិសេស មើលឃើញពីការបង្ក្រាបបទល្មើសនាពេលកន្លងមក តែអាចថែរក្សាវត្ថុតាងបានល្អប្រសើរ ។លោកបញ្ជាក់ថា បើនិយាយពីដើមឈើនៅក្នុងរាជធានីភ្នំពេញ គឺយើងមានដើមឈើដែលមានអាយុវែង និងធំៗប្រមាណ ៤៥០០០ដើម ដោយមិនទាន់គិតពីដើមឈើមួយចំនួនដែលមិនបានចុះបញ្ជីផងដែរ ។

លោក អភិបាលរងបានស្នើឱ្យខណ្ឌរដ្ឋបាលភ្នំពេញ ត្រូវរៀបចំរចនាសម្ព័ន្ធការងារឱ្យបានល្អ ដោយយកមន្ត្រីដែលមានសមត្ថភាព
មកធ្វើការងារឱ្យត្រូវតាមជំនាញ, ត្រូវបន្តរៀបចំស្នាក់ការគោលដៅឱ្យបានត្រឹមត្រូវ, ត្រូវបន្តការងារថែរក្សាថ្នាលបណ្ដុះកូនឈើ
ទាំង៣ទីតាំងក្នុងរាជធានីភ្នំពេញ ដោយត្រូវបណ្ដុះកូនឈើបន្ថែមទៀត, ចំពោះការងារដាំដើមឈើ។

លោកអភិបាលរងបានជម្រុញបន្ថែមទៀត ឱ្យខណ្ឌរដ្ឋបាលភ្នំពេញបន្តការដាំដើមឈើតាមបណ្ដាទីតាំងផ្សេងៗដូចជាវត្តអារាម សាលារៀន ក៏ដូចជាតាមដងផ្លូវនានាដែលអាចដាំបាន ហើយអាជ្ញាធរស្វាគមន៍ជានិច្ចរាល់សកម្មភាពនេះ ។

លោក ក៏បានផ្ដាំផ្ញើដល់ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ត្រូវបន្តសហការជាមួយស្ថាប័នតុលាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាការសហការជាមួយនឹងខណ្ឌរដ្ឋបាលព្រៃឈើតាមបណ្ដារខេត្តផ្សេងៗ ក្នុងការបង្ក្រាបបទល្មើសដែលឆ្លងកាត់រាជធានីភ្នំពេញ ជាពិសេស គឺការពង្រឹងសាមគ្គីភាពផ្ទៃក្នុងតែម្ដង ដើម្បីអនុវត្តការងារឱ្យបានសម្រេចនូវសមិទ្ធផលថ្មីៗជូនអង្គភាពបន្ថែមទៀត ៕