(ភ្នំពេញ)៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមព័ត៌មានទាន់ហេតុការណ៍ HOTLINE ជាមួយជនបរទេសប្រចាំនៅកម្ពុជា ដែលជាតំណាងនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រីមាសទី៣ ជាមួយនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលជាសមាជិក រួមជាមួយបណ្ដាស្ថានទូតនានាប្រចាំនៅកម្ពុជា នៅសាលប្រជុំក្រសួងមហាផ្ទៃ។

កិច្ចប្រជុំបានផ្ដោតលើការវាយតម្លៃការ អនុវត្តផែនការទិសដៅ ដែលបានដាក់ចេញអោយអនុវត្តបន្តកន្លងមកដោយ នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ ជាប្រធានដឹកនាំ បានផ្ដាំផ្ញើ នាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលគ្រប់រាជធានី-ខេត្តជាសមាជិក ត្រូវអនុវត្តតាមផែនការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាន

នគរបាលជាតិ រួមទាំងបូកសរុបលទ្ធផលប្រតិបត្តិការងារ ប្រចាំត្រីមាសទី៣ ដកពិសោធន៍កិច្ចការងារដែល បានអនុវត្តជាក់ស្ដែងកន្លងមក និងកែសម្រួលនូវចំណុចខ្វះខាត
ក្នុងការអនុវត្តការងារ និងដាក់ទិសដៅឲ្យអនុវត្តបន្តទៀត។

ក្នុងកិច្ចប្រជុំនេះដែរ តំណាងពីបណ្ដាស្ថានទូតនានាប្រចាំនៅកម្ពុជា បានចូលរួមប្រជុំស្ដាប់ពីលទ្ធផល ការងារប្រចាំត្រីមាសទី៣ ពិភាក្សាការងារ និងស្ដាប់នូវសំណូមពររបស់បណ្ដាស្ថានទូតនៅកម្ពុជា។ បណ្ដាស្ថានទូតនានាបានសំណូមពរឲ្យក្រុមការងារជួយដោះស្រាយបញ្ហានានា ដែលកើតមានឡើងចំពោះជនជាតិរបស់ខ្លួនឲ្យមានប្រសិទ្ធិភាព។

ក្រុមការងារបានសន្យាថា នឹងព្យាយាមដោះស្រាយបញ្ហាទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមផែនការការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្របទៅតាមនីតិវិធីច្បាប់របស់ប្រទេសកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារ តំណាងស្ដានទូតប្រចាំនៅកម្ពុជាខ្លះ បានថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសក្រុមព័ត៌មានទាន់ហេតុការណ៍ HOTLINE ជាមួយជនបរទេសប្រចាំនៅកម្ពុជា ក្នុងការការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន ភ្ញៀវទេសចរបរទេស មន្ត្រីការទូត ទីតាំងស្ថានទូត និងនិវេសនដ្ឋានឯកអគ្គរាជទូត-រដ្ឋទូត ដែលមានវត្តមាននៅកម្ពុជា៕