(ភ្នំពេញ)៖ បន្ទាប់ពីការបាត់បង់ជីវិតរបស់តារាចម្រៀង អ្នកនាង សាន ស្រីឡៃ មានមនុស្សជាច្រើនបានសម្ដែងអារម្មណ៍សោកសៅ និងចូលរួមសោកស្ដាយជាពន់ពេក ដែលក្រុមគ្រួសាររបស់នាង ត្រូវបាត់បង់បង្គោលគ្រួសារយ៉ាសំខាន់ ហើយធ្វើឲ្យគ្រួសារកាន់តែដុនដាប។

ទស្សនិកជនបានជ្រាបស្រាប់ហើយថា កាលពីនៅមានជីវិត អ្នកនាង សាន ស្រីឡៃ ត្រូវបានគេដឹងថា ជាអ្នករ៉ាប់រងបន្ទុកគ្រួសារតែម្នាក់ឯងប៉ុណ្ណោះ ដោយសារជីវភាពទីទ័លក្រ ត្រូវបង្ខំចិត្តឲ្យនាងប្រឡងចម្រៀង ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែម។

អ្វីដែលកាន់តែគួរឲ្យសង្វែគទៀតនោះ ខណៈនេះអ្នកនាង សាន ស្រីឡៃ បានបន្សល់ទុកម្ដាយជាស្រ្ដីមេម៉ាយ និងកូនប្រុសតូច ២នាក់ ដ៏កម្សត់ ដែលកំពុងខ្វះទីពឹង ដោយសារតែទើបតែបាត់បង់ម្ដាយឪពុក កាលពីពេលកន្លងទៅនេះ។

ប៉ុន្តែជារឿងមួយ ត្រូវចូលរួមត្រេកអរដល់គ្រួសារសព របស់នាង សាន ស្រីឡៃ ដោយក្មេងៗកំព្រាទាំងពីរ ត្រូវជាកូនប្រុសរបស់អ្នកនាង ទទួលបានអាហារូបករណ៍សិក្សា រហូតដល់ចប់ថ្នាក់ទី១២ នៅសាលាអន្តរជាតិអាមេរិកកាំងប្រ៊ិជ។ មុននេះបន្តិច ហ្វេសប៊ុកផេករបស់ផលិតកម្មរស្មីហង្សមាស បានឲ្យដឹងថា សាលាអន្តរជាតិអាមេរិកកាំងប្រ៊ិជ បានផ្តល់អាហារូបករណ៍ដល់កូនប្រុសទាំង២ របស់សពអ្នកនាង សាន ស្រីឡៃ រហូតរៀនចប់ថ្នាក់ទី១២។

ផលិតកម្មរស្មីហង្សមាស បានសរសេរថា «ក្រុមហ៊ុន ហង្សមាសគ្រុប និងក្រុមគ្រួសារនៃសពអ្នកនាង សាន ស្រីឡៃ សូមគោរពថ្លែងអំណរគុណ ដល់សាលាអន្តរជាតិអាមេរិកកាំងប្រ៊ិជ ដែលបានផ្ដល់អាហារូបករណ៍ ដល់កូនប្រុសទាំង ២ របស់សពអ្នកនាង សាន ស្រីឡៃ រហូតរៀនចប់ថ្នាក់ទី១២។ សម្រាប់លោកអ្នកដែលមានសុទ្ធាជ្រះថ្លា ចង់ឧបត្ថម្ភដល់ក្រុមគ្រួសារអ្នកនាង សាន ស្រីឡៃ អាច comments នៅខាងក្រោមនេះ»