(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះថា កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យ បានបង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងចំនួន១២នាក់ ជាបន្ដបន្ទាប់។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដោយជំហ៊ានដំបូងឃាត់បានជនសង្ស័យ២នាក់ ឈ្មោះ ជីម ចិន អាយុ២២ឆ្នាំ និងឈ្មោះ ឌី ចាន់រី អាយុ២៣ឆ្នាំ ជនសង្ស័យទាំង២រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដោយដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន ចំនួន១៦កញ្ចប់ ទូរស័ព្ទដៃ០១គ្រឿង។
លោកស្នងការខេត្តកំពង់ចាម បានបន្ថែមថា ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យ មានមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ទូរស័ព្ទសួរកទិញថ្នាំញៀនពីជនសង្ស័យ បន្តឃាត់ខ្លួនជនសង្ស័យចំនួន១០ទៀត និងដកហូតបានម៉ូតូចំនួន០៦គ្រឿង និងទូរសព្ទដៃ០៦គ្រឿង និងប្រាក់រៀលមួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមច្បាប់៕