(ស្វាយរៀង)៖ ការចេញមកអះអាងរបស់ស្ថាតទូតអាមេរិកដោយហៅគ្រាប់បែកគីមី ដែលបន្សល់ក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ថាគ្រាន់តែជាឧស្ម័នបង្ហូរទឹកភ្នែក មិនមែនជាគ្រាប់បែកគីមីនោះ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងឃុំគគីរសម្តែងការខឹងសម្បាយ៉ាងខ្លាំង ហើយថែមទាំងទទូចឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា វីលៀម ហើស ចុះទៅមើលឲ្យច្បាស់នឹងភ្នែកមុនធ្វើសេចក្តីថ្លែងការណ៍។
លោក ស ហ៊ុន ជាប្រជាពលរដ្ឋដែលបានរមៀលគ្រាប់បែកគីមីរបស់អាមេរិកដោយផ្ទាល់ដៃកប់ក្នុងដី ដើម្បីបញ្ចៀសការប៉ះពាល់ដល់សុខ ភាពរបស់ប្រជាពលរដ្ឋកាលពីឆ្នាំ១៩៧១ បានហៅសេចក្តីថ្លែងការណ៍របស់អាមេរិក គឺជាទង្វើដ៏កំសាកក្នុងការគេចវេសពីទង្វើដ៏ព្រៃផ្សៃរបស់ខ្លួនកាលពីអតីតកាល។
លោក ស ហ៊ុន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ជាមួយសម្តីធ្ងន់ៗនៅថ្ងៃទី២០ ខែទុលា ឆ្នាំ២០១៧នេះថា «លោកអាមេរិក កំពុងតែប្រឹងប្រែងបំភ័ន្តសាធារណៈមតិហើយ លោកឯងកំពុងតែគេចវេសពីទង្វើព្រៃផ្សៃរបស់លោកហើយ។ ខ្ញុំជាអ្នកបានឃើញដោយផ្ទាល់ភ្នែក និងបានរមៀលគ្រាប់បែកនេះដោយផ្ទាល់ដៃគាប់នៅក្នុងដៃ»។
លោក ស ហ៊ុន បន្តថា «បើលោកអាមេរិកចង់ដឹងច្បាស់ថា ជាគ្រាប់បែកគីមី ឬ មិនមែនសុំលោកឯងចុះមកមើលដោយផ្ទាល់ភ្នែកមក ហេតុអីក៏លោកមិនមក ឬមួយលោកមិនហ៊ានទទួលស្គាល់ការពិត។ ពេលអស់លោកទម្លាក់គ្រាប់បែកលើដីគេម្តេចក៏មិនខ្លាច ហេតុអ្វីក៏ខ្លាចលើការទទួលខុសត្រូវទៅវិញ»។
តំណាងឲ្យប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រាប់បែករបស់អាមេរិកនេះ លោក ស ហ៊ុន បានសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះ ការថ្លែងបំភ័ន្តមតិប្រជាពលរដ្ឋដោយហៅគ្រាប់បែកគីមី ទៅជាឧស្ម័នបង្ហូទឹកភ្នែកនេះ។ លោក ស ហ៊ុន ក៏បានបង្ហាញពីគម្រោងធ្វើការតវ៉ា ប្រឆាំងជាមួយសេចក្តីថ្លែងការណ៍របស់អាមេរិកនេះផងដែរ។
ការប្រតិកម្មបានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយហៅគ្រប់បែកនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងនោះថា ជាឧស្ម័នបង្ហូទឹកភ្នែក។
ទាំងអាជ្ញាធរជាតិអាវុធគីមី និងមន្រ្តីស៊ីម៉ាក សុទ្ធតែបានអះអាងថា គ្រាប់បែកអាមេរិក ដែលបន្សល់ក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង គឺជាគ្រាប់បែកគិមីយ៉ាងពិតប្រាកដ។ បច្ចុប្បន្ននេះអាជ្ញាធរបានរកឃើញគ្រាប់បែកគិមីនេះចំនួន ១៥កន្លែងនៅក្នុងឃុំគគីរ ហើយគ្រាប់បែកគីមីដ៏ព្រៃផ្សៃរបស់អាមេរិក ដែលទម្លាក់ក្នុងសម័យសង្រ្គាមក៏កំពុងបង្កទុក្ខទោសដល់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ។
ប្រជាពលរដ្ឋក្នុងឃុំគគីរ ៣២នាក់ កំពុងសម្រាកព្យាបាលជំងឺបង្កដោយគ្រាប់បែកគីមី ហើយអាជ្ញាធរជាតិអាវុធគីមី និងស៊ីម៉ាក ក៏កំពុងធ្វើ សកម្មភាពបោសសំអាតគ្រាប់បែកគីមីទាំងអស់នេះផងដែរ៕