(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានចាត់ទុកសេចក្តីថ្លែងការណ៍ របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ដែលអះអាងថា គ្រាប់បែកដែលរកឃើញ នៅខេត្តស្វាយរៀង គឺជាគ្រាប់បែកបង្ហៀរទឹកភ្នែកធម្មតា គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ចំពោះប្រជាពលរដ្ឋខ្មែរដែលបានស្លាប់ និងកំពុងរស់នៅរងទុក្ខវេទនា ដោយសារគ្រាប់បែកគីមី របស់អាមេរិកនេះ។
ជាមួយគ្នានេះ លោក ហេង រតនា បានបង្ហាញការហួសចិត្ត និងចំអកដល់ស្ថានទូតអាមរិក ដែលចេញសេចក្តីថ្លែងការណ៍ថា ប្រទេស និងប្រជាជនកម្ពុជា ពិតជាមានមហាសំណាងណាស់ ប្រសិនបើសម័យសង្គ្រាមអាមេរិក ទំលាក់គ្រាប់បែកឧស្ម័នបង្ហៀរទឹកភ្នែក នៅតាមសមភូមិព្រៃក្រាស់ៗ ដើម្បីកុំឲ្យស្លាប់មនុស្ស ឲ្យត្រឹមតែហៀរទឹកភ្នែក? អញ្ចឹងហើយបានជារាស្ត្រខែ្មរ នៅតែសំបូរទឹកភ្នែកហូរ មិនចេះចប់សោះ!! កោតតែនិយាយថ្លែងការណ៍បែបនេះ ទៅរួចហួសចិត្ត!។
លោក ហេង រតនា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០០១៧នេះថា «ខ្ញុំយល់ថា សេចកី្តថ្លែងការណ៍នេះ មានចេតនាប្រមាថ ដល់ប្រជាពលរដ្ឋខែ្មរដែលបានស្លាប់ និងកំពុងរស់នៅរងទុក្ខវេទនាដោយសារអាវុធគីមីនេះ ជាពិសេសប្រមាថ ដល់កងកំលាំងដែលប្តូរជីវិត ដើម្បីរំដោះគ្រាប់បែកជាអាវុធគីមីផ្ទាល់តែម្តង ដែលមានអ្នកខ្លះកំពុងធ្លាក់ខ្លួនឈឺនៅឡើយ។ យោងតាមស្មារតី នៃអនុសញ្ញាអន្តរជាតិ ស្តីពីអាវុធគីមី រដ្ឋដែលរងគ្រោះ និងរដ្ឋដែលបានប្រើប្រាស់ (បោះបង់ចោល) នៅលើដែនដីរដ្ឋដទៃ ត្រូវផ្តល់ព័ត៌មានលំអិតទៅក្រុមបច្ចេកទេស នៃលេខាធិការនៅក្រុងឡាអេ ប្រទេសហូឡង់។ យើងត្រូវការយុតិ្តធម៌ សច្ចធម៌ សីលធម៌ និងការទទួលខុសត្រូវ»។
អគ្គនាយកស៉ីម៉ាក់រូបនេះ បានលើកឡើងទៀតថា «ខ្លួនខ្ញុំផ្ទាល់គាំទ្រឆន្ទះសហការជាដៃគូល្អ តែច្រានចោលដាច់ខាត នូវវប្បធម៌លាបពណ៌ និងបង្វែរការទទួលខុសត្រូវ។ យើងសង្ឃឹមមុតមាំក្នុងការបន្តបេសកកម្ម បោសសំអាតគ្រាប់បែកទំលាក់គ្រប់ ប្រភេទរបស់អាមេរិក ដើម្បីសុខសុវត្ថិភាព សន្តិភាពជូនប្រជាជន និងប្រទេសជាតិដ៍កំសត់នេះ។ ហើយជាមួយសហរដ្ឋអាមេរិក យើងចង់បានរួមគ្នា សំរេចឲ្យបាន គឺ១៖ បោសសំអាតនូវឃាតករ សំណល់សង្គ្រាមដែលជាមរតក ដ៍អាក្រក់បន្តសម្លាប់ និងរាំងស្ទះដល់ការអភិវ្ឍន៍ប្រទេសកម្ពុជាឡើងវិញ។ ២៖ ទប់ស្កាត់ការវិលត្រឡប់ និងការកសាងជាថ្មីនៃមរតកដ៍ឃោរឃៅ អមនុស្សជាតិនេះនៅលើទឹកដីនៃកម្ពុជា និងទី៣៖ ដើម្បីកសាងសុខដុមរម្យនីយកម្មប្រជាជន និងប្រទេសទាំង២ សំរាប់អនាគតមួយរុងរឿង»។
សូមជម្រាបថា បើតាមលោក ហេង រតនា អាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះសង្គ្រាមមានចំនួនច្រើន ឥតគណនាបានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។ ក្នុងនោះសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺមានចំនួន១១៥.២៧៥ទីតាំង (ឬកំណត់ត្រា) មានការហោះហើរទំលាក់ចំនួន ២៣០.៥៤៤លើក មានចំនួនគ្រាប់ទំលាក់ចំនួនជាង២លាន៥៩ម៉ឺនគ្រាប់ មានទំងន់ជាង២លាន៨សែនតោន (២,៨០៣,៨៦៨,១៥២គីឡូក្រាម) ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួនជាង២៧លាន៩សែនគ្រាប់។ ដោយឡែកគ្រាប់បែកជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមីមួយចំនួនទៀត មិនសិ្ថតក្នុងទិន្នន័យនេះនៅឡើយទេ!
ខាងលើនេះជាការពិតជាក់ស្តែង ដែលបានកើតលើប្រជាជន និងប្រទេសដ៍កំសត់មួយនេះ៕