(ភ្នំពេញ)៖ កាលពីឆ្នាំ២០១៦កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចដាក់ខណ្ឌរដ្ឋបាលជលផលឲ្យ ចូលទៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថិតក្រោមការគ្រប់គ្រងរបស់អភិបាលខេត្តផងដែរ ដោយមិនអនុញ្ញាតឲ្យនៅឯករាជ្យដូចមុនទៀតនោះឡើយ។ ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបំណងធ្វើឲ្យការបង្រ្កាបបទល្មើសនេសាទនេះមានការគ្រប់គ្រងច្បាស់លាស់ និងទទួលបានប្រសិទ្ធភាពខ្ពស់។
ផ្ទុយពីការរំពឹងទុករបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនោះ គេសង្កេតឃើញថា បទល្មើសនេសាទនាពេលបច្ចុប្បន្នហាក់បានហក់ឡើងវិញ។ ព័ត៌មានស្តីពីបញ្ហាបទល្មើសក្នុងរដូវបិទនេសាទត្រូវបានរំលេចឡើងយ៉ាងព្រោងព្រាតទាំងនៅក្នុងតំបន់បឹងទន្លេសាប និងនៅតាមតំបន់នានា។
ឆ្លើយតបការកក្រើកឡើងវិញនៃបទល្មើសនេសាទក្រោយពេលមន្រ្តីជលផលមួយរូប បានថ្លែងត្អូញត្អែរពីផលលំបាកក្នុងប្រតិបត្តិការបង្រ្កាប បទល្មើសនេសាទនេះ។ មន្រ្តីរដ្ឋបាលជលផលរូបនេះ បានអះអាងថា ក្រោយរដ្ឋបាលជលផលដាក់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខេត្ត មន្រ្តីជលផលស្ទើរតែអស់ឥទ្ធិពលធ្វើការរបស់ខ្លួនទៅហើយ។
មន្រ្តីជលផលដែលសុំលាក់អត្តសញ្ញាណព្រោះខ្លាចប៉ះពាល់ដល់ការងាររបស់ខ្លួននោះ បានថ្លែងថា ចាប់តាំងពីខណ្ឌរដ្ឋបាលជលផលត្រូវ បានដាក់បញ្ចូលក្រោមការគ្រប់គ្រងរបស់ខេត្តរាល់ដំណើរចុះប្រតិបត្តិការរបស់មន្រ្តីជលផលទាំងថ្នាក់កណ្តាល និងថ្នាក់ខេត្ត គឹត្រូវតែដាក់ លិខិតសុំអនុញ្ញាតិពីអភិបាលខេត្ត ហើយពេលខ្លះត្រូវមានលិខិតអន្តរាគមន៍សុំដល់ថ្នាក់ស្រុកថែមទៀតផង។
មន្រ្តីជលផលរូបនេះ បានឲ្យដឹងទៀតថា ប្រតិបត្តិការរបស់ខ្លួនត្រូវខកខានជាច្រើនដង ព្រោះតែភាពស្មុគស្មាញ និងការលំបាកលំបាកក្នុង ការសម្របសម្រួលពីថ្នាក់ខេត្ត។ លើសពីនេះទៀត ប្រតិបត្តិការបង្រ្កាបបទល្មើសត្រូវទទួលបរាជ័យផងដែរ ព្រោះតែការចុះប្រតិបត្តិការនេះ ត្រូវបានបែកធ្លាយដល់ក្រុមជនល្មើសនៅពេលដំណឹងចុះប្រតិបត្តិការត្រូវបានបែកធ្លាយ។
មន្រ្តីជលផលរូបនេះ បានថ្លែងទទូចឲ្យក្រសួង និងខេត្ត រិះរកវិធីដ៏សមស្របណាមួយ ដើម្បីសម្រួលដល់ការធ្វើប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទឲ្យមានប្រសិទ្ធភាពឡើងវិញ៕