គ.ជ.ប៖ ប្រជាពលរដ្ឋខ្មែរជិត៤២ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតថ្មី
20-10-2017 11:45
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជិត៤២ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន៥,៩៥៧នាក់ និងអ្នកខុសកែតម្រូវមានចំនួន៤,១២៩នាក់។
គ.ជ.ប បានឲ្យដឹងថា ដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៤១៦,៧៩៥នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕