Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងទ័ពទូទាំងខេត្តស្វាយរៀង ថ្កោលទោសខ្លាំងៗ សម្តី សម រង្ស៊ី ដែលអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាល

20-10-2017 07:50

(ស្វាយរៀង)៖ ក្រោយពីវីដេអូមួយដែលទទួលបានពីមន្រ្តីរដ្ឋាភិបាល​ ជាភស្តុតាងថ្មីមួយទៀតចំពោះលោក សម រង្ស៊ី ដែលប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ឧត្តមសេនីយ៍​ត្រី​ ប៉ែន សារ៉ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងខេត្តស្វាយរៀង ព្រមទាំងកងកម្លាំងទាំងបីនៃខេត្តស្វាយរៀង បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ថា សម្តីរបស់លោក សម រង្ស៊ី ខាងលើនេះ ជាអំពើក្បត់ជាតិសុទ្ធសាធ និងធ្ងន់ធ្ងរបំផុត។

ជំនួសមុខឲ្យកងទ័ពទាំងអស់ លោកមេបញ្ជាការ បាន ប្រកាសយ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាជាកងទ័ពនៅក្នុងបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង សូមធ្វើការប្រកាសប្រឆាំងដាច់ខាត រាល់សកម្មភាពញុះញង់របស់ពួកអគតិ ដែល ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ទោះជាក្នុងកាលៈទេសៈណាក៏ដោយ យើងខ្ញុំស្មោះត្រង់ដាច់ខាត ចំពោះជាតិ ចំពោះរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ពួកយើងស្រឡាញ់សម្តេចតេជោ ព្រោះសម្តេចជាអ្នកស្វែងរកសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ ខុសពី សម រង្សី និង កឹម សុខា ដែលចេះតែញុះញង់ធ្វើឲ្យខ្មែរបែកបាក់»

មេបញ្ជាការរូប នេះបានបញ្ជាក់ទៀតថា កងទ័ពទាំងអស់ នៅខេត្តស្វាយរៀង ប្តេជ្ញារក្សាសុខសន្តិភាពជូនជាតិមាតុភូមិ ប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។

ការប្រកាសប្រឆាំង និងកំចាត់ជនក្បត់ជាតិខាងលើនេះ ធ្វើឡើងបន្ទាប់ពីវីដេអូមួយទទួលបានពីមន្រ្តីរដ្ឋាភិបាល ជាភស្តុតាងថ្មីមួយទៀត ដែលលោក សម រង្ស៊ី បានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។វីដេអូនេះលោក សម រង្ស៊ី បាននិយាយកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១១ (មុនបង្កើតគណបក្សសង្រ្គោះជាតិ) នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសែត សហរដ្ឋអាមេរិក ដោយលោក សម រង្ស៊ី បាននិយាយដូច្នេះថា «របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរយើងត្រូវការរៀបចំ ការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឲ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរបបផ្តាច់ការ ហ៊ុន សែន»។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការថ្លែង របស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ទៅនឹងវីដេអូរបស់លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក។