(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់វេទិកាសាធារណៈ នៅសាលមហោស្រពចេនឡា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នេះថា ផែនការផ្តួលរំលំរាជរដ្ឋាភិបាលពីសំណាក់លោក សម រង្ស៊ី និងលោក កឹម សុខា ជាការនាំសង្គ្រាមទម្លាក់លើប្រទេសកម្ពុជា នាំមកនូវវិនាសហិនហោចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលសោកនាដកម្មនេះ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា មិនអាចបណ្ដោយឲ្យកើតឡើងបានទេ។

លោកបានចោទជាសំណួរថា «ការផ្តួលរំលំរាជរដ្ឋាភិបាលពីសំណាក់លោក សម រង្ស៊ី តើចង់បានន័យអ្វី? ដូចជា លន់ នល់ សិរីមតៈ ដែលបានរួមគំនិតគ្នាផ្តួលរំលំសម្តេច ព្រះនរោត្តម សីហនុ បាននាំមកនូវវិនាសកម្មក្នុងរបប ប៉ុល ពត បណ្តាលឲ្យសង្រ្គាមរ៉ាំរ៉ៃ ជាង៤ទសវត្សរ៍នៅកម្ពុជា។ យើងដឹងហើយថា សង្គ្រាមនាំមកនូវវិនាសហិនហោចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ជាពិសេសត្រូវមើលប្រទេសស៊ីរី ជាឧទាហរណ៍ជាក់ស្តែង»។

លោកអភិបាលបានបន្តថា ក្រោយការផ្តួលរំលំរបបសង្គមរាស្ត្រនិយម ដែលដឹកនាំដោយព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ប្រទេសកម្ពុជាបានជួបសង្រ្គាមពីឆ្នាំ១៩៧០-១៩៧៩ ត្រូវទទួលនូវវិនាសកម្មយ៉ាងខ្លោចផ្សាជាទីបំផុត ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាឈឺចាប់ និងមានបទពិសោធន៍ពេញលេញ ដែលមិនអាចទទួលយកបាននូវការផ្តួលរំលំ តាមរបៀបក្បត់ជាតិនេះទៀតទេ។

ពាក់ព័ន្ធនឹងសំណួរពីអ្នកសារព័ត៌មានសួរថា ទៅថ្ងៃមុខគណបក្សសង្រ្គោះជាតិអាចត្រូវរំលាយ ហើយសមាជិកបក្សប្រឆាំង បានរៀបចំធ្វើបដិវត្តន៍ពណ៌ ឬក៏រៀបចំធ្វើបាតុកម្មនៅរាជធានីភ្នំពេញ តើអាជ្ញាធរនឹងរៀបចំសណ្តាប់ធ្នាប់តាមរបៀបម៉េចនោះ? លោកអភិបាលរាជធានីភ្នំពេញ បានឆ្លើយតបវិញថា «ប្រទេសខ្មែរមានច្បាប់ ហើយប្រទេសកម្ពុជា មានបូរណភាពទឹកដី មានច្បាប់របស់កម្ពុជា មានរដ្ឋធម្មនុញ្ញច្បាស់លាស់ ប្រសិនបើធ្វើអ្វីដែលចេញពីរង្វង់ច្បាប់ អនាធិបតេយ្យ នៅពេលនោះរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមិនអនុគ្រោះបាននោះទេ ចំពោះបញ្ហានេះទេ ពីព្រោះថាក្នុងនាមជាស្ថាប័ននីតិប្រតិបត្តិ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ ប៉ុន្តែបើប្រជាពលរដ្ឋមិនគោរពច្បាប់ អាជ្ញាធរត្រូវណែនាំឲ្យប្រជាពលរដ្ឋគោរពច្បាប់»។

ពាក់ព័ន្ធនឹងគម្រោងការរបស់បក្សប្រឆាំង ដែលមានបំណងកៀរគរប្រជាពលរដ្ឋដើរតាមបក្សប្រឆាំង ក្នុងការតវ៉ាបាតុកម្មនោះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ញើសារទៅអ្នកដែលមានគម្រោងចង់ធ្វើបាតុកម្ម ដើម្បីទាមទារដោះលែងទណ្ឌិតនេះ ដោះលែងទណ្ឌិតនោះ សូមឲ្យអស់លោក លោកស្រីទាំងអស់ ពិនិត្យឡើងវិញ ហើយមើលឲ្យបានច្បាស់អំពីច្បាប់នៅប្រទេសកម្ពុជា ថាតើអស់លោកធ្វើនេះ ជាសេរីភាព ក៏ការបំពានច្បាប់ ប៉ុន្តែបើការបំពានច្បាប់ គឺកំពុងតែដើរផ្លូវខុសហើយ ហើយសូមវិលត្រឡប់ចូលមកផ្លូវត្រូវវិញ គឺជាការគោរពច្បាប់នៅកម្ពុជា។

លោកសង្កត់ធ្ងន់ថា កម្ពុជា ជាប្រទេសអធិបតេយ្យ មានបូរណភាពទឹកដីច្បាស់លាស់ មានច្បាប់ទម្លាប់ត្រឹមត្រូវ ដូច្នេះសូមឲ្យគោរពច្បាប់​ មិនអាចប្រជាជនណាម្នាក់ មិនគោរពច្បាប់បាននោះទេ៕