(ព្រៃវែង)៖ កូនឧកញ៉ាថៅកែលក់ត្រីទីឡាបយ៉ាម្នាក់ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់ជាង២៣ម៉ឺនដុល្លារ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ទេរសំណុំរឿងនេះ ទៅកាន់សាលាដំបូងខេត្តព្រៃវែង តែក្រោយបញ្ចប់ការសួរនាំព្រះរាជអាជ្ញាខេត្តព្រៃវែង លោក មាស សុភក្តិ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ បានចេញដីកាកូនឧកញ៉ាម្នាក់នេះ ត្រឡប់ទៅផ្ទះវិញ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនកូនឧកញ៉ាម្នាក់ ជាថៅកែត្រីឡាប់យ៉ា នាំចូលមកពីប្រទេសវៀតណាម បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទរំលោភលើទំនុកចិត្ត លើទឹកប្រាក់ប្រមាណជា២៣០,៨២០ដុល្លារ។ ជនសង្ស័យឈ្មោះ ងួង សុខហេង អាយុ២៧ឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងថា ដើមចមបណ្តាលឲ្យមានការចាប់ខ្លួនឈ្មោះ ងួន សុខហេងនេះ កាលពីអំឡុងខែមករា ឆ្នាំ២០១៧កន្លងទៅ ជនសង្ស័យបានទៅប្រទេសវៀតណាម ដោយផ្ទាល់ទំនាក់ទំនងឈ្មោះ ត្រឹង ខាន់ង្វៀន ភេទប្រុស រស់នៅសង្កាត់ឡុងថាញ់ ខេត្តអាងយ៉ាង ដើម្បីរកស៊ីជាមួយគ្នា ក្នុងការនាំត្រីទីឡាបយ៉ាពីមកលក់នៅទីផ្សារកម្ពុជា ដោយឈ្មោះ ត្រឹង ខាន់ង្វៀន ជាអ្នកផ្គត់ផ្គង់ ហើយឈ្មោះ ងិន សុខហេង ជាអ្នកនាំមកលក់។ ចាប់តាំងពីចាប់ដៃគ្នារកស៊ី ឈ្មោះ ងួន សុខហេង បានដឹកត្រីពីផ្ទះ ត្រឹងខានង្វៀន រាប់រយតោនសរុបទឹកប្រាក់ ដល់ទៅចំនួន២៣០,៨២០ដុល្លារ ហើយមិនបានសងទៅដើមបណ្តឹងទេ ថែមទាំងគេចវេចទៀតផង ដូច្នោះទើបឈ្មោះ ត្រឹង ខាន់ង្វៀន ឡើងមកស្រុកខ្មែរ ដាក់ពាក្យប្ដឹងទៅកាន់សមត្តកិច្ចក្រសួងមហាផ្ទៃ ឲ្យចាត់ការតាមផ្លូវច្បាប់។
នៅចំពោះសមត្តកិច្ចឈ្មោះ ងួន សុខហេង បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកត្រីពីឈ្មោះ ត្រឹង ខាន់ង្វៀន មកលក់នៅស្រុកខ្មែរ ហើយមានជំពាក់លុយដើមបណ្តឹងមែន ប៉ុន្តែមានទឹកប្រាក់នោះត្រឹមតែ១៨ម៉ឺនដុល្លារប៉ុណ្ណោះ ហើយលុយទាំងអស់នោះ ក៏ស្ថិតនៅក្នុងដៃម៉ូយត្រី តាមទីផ្សារជំពាកមិនទាន់សងដែរ ទើបបណ្តាលឲ្យពាក់ព័ន្ធជាមួយដើមបណ្តឹងនោះ។
ក្រោយពីតំណាងអយ្យការសាកសួរចប់សពគ្រប់ ដោយពិនិត្យឃើញថារឿងនេះ ជនសង្ស័យបានប្រព្រឹត្តនៅខេត្តព្រៃវែង ដូច្នោះសាលាដំបូងរាជធានីភ្នំពេញ បានផ្ទេរសមត្តកិច្ចឲ្យទៅសាលាដំបូងខេត្តព្រៃវែងចាត់ការបន្ត តែត្រូវព្រះរាជអាជ្ញាចេញដីកាដោះលែងឲ្យមានសេរីភាពវិញ៕